ខេត្តស្វាយរៀង ៖ ជារៀងរាល់ព្រឹកចាប់ពីម៉ោង៦ព្រឹក និងល្ងាចពី៤ និង៣០នាទី ដែលជាម៉ោងដែលកម្មករ-កម្មការិនីរោងចក្រចេញពីធ្វើការត្រឡប់ទៅលំនៅដ្ឋានវិញនោះ គេសង្កេតឃើញមានអ្នកលក់ដូរ នំ ចំណីមួយចំនួនធំគឺយកចិញ្ចើមថ្នល់ដាក់តុ គ្រែ ដើម្បីតាំងលក់នំចំណីម្ហូបអាហារ និងផ្លែឈើលក់យ៉ាងសប្បាយចិត្ត ហើយមានភាពរញ៉េរញ៉ៃខ្លាំងបើទោះបីជាមានរថយន្តតូចធំធ្វើដំណើរច្រើនគឺត្រូវចៀសគ្នាស្ទើរធ្លាក់ផ្លូវក៏ដោយនោះ ក៏មិនខ្វល់ដែរសំខាន់ពួកគាត់លក់ដាច់។
ម្យ៉ាងវិញទៀតនោះ គឺមានអ្នកលក់ចល័តដើររត់តាមរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ ពេលទៅធ្វើការ និងចេញពីធ្វើការទៅផ្ទះពេញផ្លូវ ចង់អ្នកណាប្រញាប់អី ប្រញាប់ទៅ ហើយមិនប្រយ័ត្នទេ ច្បាស់ជាមានគ្រោះថ្នាក់ចរាចរណ៍ជាក់ជាពុំខានឡើយ។ ជារឿយៗ គេសង្កេតឃើញមានសមត្ថកិច្ចចុះសម្រួលចរាចរណ៍នៅមុខតំបន់សេដ្ឋកិច្ចពិសេស សានតុងសាន់សែល និងនៅមុខតំបន់សេដ្ឋកិច្ចពិសេស តាយសេង ប៉ុន្តែពុំដែលឃើញមានសមត្ថកិច្ចចុះអប់រំ ឬហាមឃាត់ក្រុមអ្នកលក់ដូរចល័តនោះទេ គឺបណ្តោយឲ្យលក់តាមចិត្តមានទាំងក្មេង មានទាំងចាស់ទៅទៀត ឲ្យតែមានរថយន្តដឹកកម្មករ-កម្មការិនីមករត់តាមកាត់ផ្លូវតែម្តង។។
ជុំវិញបញ្ហាខាងលើ ប្រជាពលរដ្ឋធ្វើដំណើរតាមជាតិលេខ១នេះ សូមសំណូមពរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ត ក៏ដូចជានគរបាលក្រុងបាវិត មេត្តាចុះអប់រំដល់ក្រុមអ្នកលក់ដូរទាំងអស់ផងដែរ ពីព្រោះធ្វើដំណើរទៅតាមផ្លូវនេះម្តងៗកកស្ទះខ្លាំងណាស់ ទម្រាំដល់ក្រុងបាវិត ហើយពេលមកវិញនោះ ត្រូវរង់ចាំទល់តែរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រទៅអស់ ទើបអាចមកខេត្តវិញបាន បើមិនដូច្នេះគឺរង់ចាំការកកស្ទះរាប់ម៉ោងបានចេញរួច៕ យឹម សុថាន