ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ អាចនឹង​សម្រេច​ករណី​ លោក​ កឹម​ សុខា​ នៅ​ថ្ងៃ​នេះ

ចែករំលែក៖

ភ្នំពេញ​៖ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​និង​ជា​អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៦​ ខែ​កញ្ញា​ នេះ​ អាច​នឹង​សម្រេច​ករណី​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជាប់​ចោទ​បទ​ល្មើស​”ក្បត់​ជាតិ​”ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។​

មន្ត្រី​តុលាការ​ ថ្លែង​ថា​ នៅ​ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេច​ឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ។

សេចក្តី​ថ្លែង​ការណ៍​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បង្ហាញ​ថា​ លោក​ កឹម​ សុខា​ ជាប់​ចោទប្រកាន់​ពី​បទ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​”តាម​មាត្រា​៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ​​ ។

លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ថ្លែង​ថា”បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាងនិងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូល​ដ្ឋា​នគ្រប់គ្រាន់​ឱ្យ​តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ​ព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿ​ង​ឲ្យស៊ើបសួរលេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវីធី “៕ ចេស្តា


ចែករំលែក៖