ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធប្រហែល៤គ្រាប់ បណ្ដាលឲ្យសមត្ថកិច្ចម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទពេទ្យភ្លាមៗ ខណៈមានជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាមកបាញ់ទាំងកម្រោលតែម្ដង រួចគេចខ្លួនបាត់ ។

ហេតុការណ៍ផ្ទុះអាវុធបណ្ដាលឲ្យមានសមត្ថកិច្ចរងរបួសធ្ងន់ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅប្រឆិតខាងក្រោយវិទ្យាល័យ យុគគន្ធរ តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយគ្រាប់កាំភ្លើងបានហោះឆ្លងផ្លូវទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា រាជធានីភ្នំពេញ បណ្ដាលជិតធ្លុះ តែមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ និងរស់នៅក្បែរនោះឡើយ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើងរងរបួសធ្ងន់ខាងលើ គឺជាសមត្ថកិច្ច តែពុំដឹងថា ជាសមត្ថកិច្ចខាងណានោះឡើយ ដោយរូបគាត់ជិះម៉ូតូម្នាក់ឯង នៅលើដងផ្លូវព្រះសីហនុ  ភ្លាមនោះ ក៏ត្រូវបានក្រុមជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿង ឌុបគ្នាមកធ្វើសកម្មភាពបាញ់ប្រហារទៅលើសមត្ថកិច្ច ដែលមានម្នាក់ឯងប្រហែល៤គ្រាប់ទាំងកម្រោលតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ហើយគ្រាប់កាំភ្លើងបានហោះទៅផ្លូវម្ខាងទៀត បណ្ដាលឲ្យចំជញ្ជាំងថែមទៀត ។

ក្រោយពេលកើតហេតុភ្លាមៗ ក្រុមជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នារត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដង ។ ចំណែកសមត្ថកិច្ចដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងសមត្ថកិច្ចដូចគ្នា ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីពេទ្យផងដែរ ។ ដោយឡែកក្នុងករណីខាងលើនេះ ក្រុមការងារអ្នកសារព័ត៌មាន មិនអាចដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ដោយសមត្ថកិច្ចកម្លាំងសមត្ថកិច្ចខណ្ឌ7មករា និងសមត្ថកិច្ចខណ្ឌចំការមន បានចុះមកដល់ បានត្រឹមតែរើសសំបកកាទុស និងរាយការណ៍ទៅថ្នាក់លើឲ្យដឹងតែប៉ុណ្ណោះ៕​សរស្មី

 


ចែករំលែក៖