ព័ត៌មានទាន់ហេតុការណ៍៖

លោក រៀម ខេ​ត មេវរៈ៤០៥ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ត្រូវប្រជាពលរដ្ឋចោទថាចង់ស៊ីដាច់ឈើ

ចែករំលែក៖

ខេត្តព្រះវិហារ​៖ ក្រុមពលរដ្ឋកាប់ឈើគ្រញូង បាន​រិះគន់ទៅលើ លោក រៀម ខេ​ត មេវរៈ​៤០៥​តំបន់​​ប្រតិបត្តិកា​រសិក​រង​ខេត្តព្រះវិហារ​ប្រចាំកា​នៅ​ទិស​ជួរមុខ​ស្រុក​ជាំ​ក្សាន្ត ចាប់​ឈើ​របស់​ពួកគាត់ រួច​ប្រុង​ស៊ីដាច់​ឈើ​ដោយ​មិនអោយ​ជំនាញមេព្រៃ​ដឹងលឺ​។​

​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់​នៅក្នុង​ទឹកដី​ថៃ បាន​ឲ្យ​ដឹងថា លោក រៀម ខេ​ត មេវរៈ​៤០៥ បាន​ស្ទាក់ចាប់​ឈើ​របស់​ពួកគាត់​ ដែលមាន​គ្នា​ចំនួន​27​នាក់ នៅ​ចំណុច​ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត កាលពី​វេលា​រសៀល​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្នុងពេល​បង្ក្រាប​នោះ លោក រៀម ខេ​ត និង​កូនចៅ​របស់លោក បាន​បំរុង​ស៊ីដាច់​ឈើ ដោយ​មិនអោយ​ជំនាញ ឬ​មេព្រៃ​ដឹង​លឺទេ។​

​ក្រុម​ប្រជាពលរដ្ឋ​បន្តថា ក្នុង​ករណី​បង្ក្រាប​ខាងលើ ឈើ​ដែល​ពួកគាត់​ចូលទៅ​ស្ពាយ​នោះ មាន​រហូតដល់​ទៅ​27​ក តែ​ក្រោយពេល​វ​រះ​៤០៥​បង្ក្រាប ស្រាប់តែ​បាត់​ឈើ​ចំនួន​៣​សម្ពៀយ ដែលមានមុខ​កាត់​ធំៗ​ហើយ​មាន​តំលៃ​ខ្ពស់​ទៀតផង​។ រឿងនេះ​ពួកគាត់​ចោតថា​កុំ​កន្ទេល​ធំ​បន្លំ​ដេក​ ​បើ​ចាប់​ហើយ​ត្រូវយក​ឈើ​ទាំង​នោះមក​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ​អោយ​គ្រប់​ចំនួន ទើបត្រូវ​។​

​ប្រជាពលរដ្ឋ​បន្តទៀតថា មួយរយៈ​កន្លងមក រាល់ពេល​ពួកគាត់​ចូលទៅ​កាប់​ឈើ​គ្រញូង​តែ​បង់​ទៅអោយ​កូនចៅ​មេវរៈ​៤០៥ ឈរជើង​ក្នុង​ចំណុច​ខាងលើ ក្នុង​មួយ​សំពាយ​45000៛ ទើប​ចូល​កាប់​នឹង​ស្ពាយ​បាន​ឈើ​ទាំងនោះ​រួច បើ​មិន​បង់​ទេ​នឹងត្រូវ​កម្លាំងរបស់លោក​ចាប់​យកទៅលក់ ដោយ​មិន​ប្រគល់​ទៅអោយ​មេព្រៃ​ទេ​។​

​ពាក់​ព័​ន្ឋ​ករណីនេះ លោក រៀម ខេ​ត មេវរៈ​៤០៥​តំបន់​​ប្រតិបត្តិកា​រសិក​រង​ខេត្តព្រះវិហារ​ប្រចាំកា​រ នៅ​ទិស​ជួរមុខ​ស្រុក​ជាំ​ក្សាន្ត បានអោយដឹង​តាម​ទូរ​សព្ទ័​ថា ប្រជាពលរដ្ឋ​ចេះតែ​ថា ហើយ​វា​ជា​ពាក្យ​ចចាមអារ៉ាម ទេ ចំពោះ​កម្លាំង​របស់លោក លោក​មិន​ឲ្យ​មានការ​យកលុយ​បទល្មើស​ទេ គឺ​មានតែ​ចាប់​។ ហើយ​ចំពោះ​រឿង​ថា​កម្លាំង​របស់លោក​ប្រុង​ស៊ីដាច់​ឈើ​ប្រជាពលរដ្ឋ ក៏​គ្មាន​ដែរ លោក​មិន​ធ្វើ​ខុស​តាម​បទបញ្ជា​ទេ​។​

​គួរបញ្ជាក់​ថា​ឈើ​គ្រញូង​ដែល​កម្លាំងសមត្ថកិច្ច​បង្ក្រាបបាន​នោះ មាន​ចំនួន 1317​គីឡូក្រាម ស្មើ​នឹង​245​ដុំ​។ ប​ច្ច​ប្បន្ន​ឈើ​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ជាំ​ក្សាន្ត​យកទៅ​រក្សាទុក​៕​ ហេង សូរិយា


ចែករំលែក៖