ខេត្តកោះកុង៖ សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញចង-កសម្លាប់ខ្លួនឯង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី៥ ខែកញ្ញា នៅក្រោយបេនឡានថ្មី ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
សាក្សី បាននិយាយថា មុនពេលកើតហេតុគេបានដើរត្រឡប់មកពីមើលបង្កៃត្រីវិញ ហើយចូលក្នុងព្រៃរកបាញ់សត្វ ក៏ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះ ចង-កសម្លាប់ខ្លួន នៅលើដើមស្មាច់ នៅចំណុចខាងលើតែម្តង។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា សាកសពខាងលើ ពុំមានអ្នកស្គាល់អត្តសញ្ញាណច្បាស់លាស់នោះទេ ព្រោះសាកសពនេះ ស្ថិតក្នុងសភាពស្អុយរលួយមើលលែងស្គាល់បាត់ទៅហើយ រីឯមូលហេតុនៃការសម្លាប់ខ្លួននេះ ក៏គ្មានអ្នកដឹងច្បាស់ដែរ។
ក្រោយពេលកើតហេតុ ក្រុមគ្រួពេទ្យ និងសមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យរួច ប្រគល់ទៅខាងអាជ្ញាធរដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ហេង សូរិយា