ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីកម្ពុជា៤រូប បានធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលី ហើយកាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅដើម្បីបើកការច្រៀងនៅទីក្រុងសំខាន់ៗមួយចំនួនរបស់អូស្ត្រាលី ដើម្បីជួយរៃអង្គាសថវិកាជួយដល់កុមារក្រីក្រកុមារកំព្រា និងរើសសម្រាម។
តារាចម្រៀងទាំង៤រូបនេះ មានកញ្ញា រស់ ខេមារីន ហៅខេលី លោក ចាន់ សម័យ កញ្ញា ឈន ចរិយា និងកញ្ញា សាយ សៀងហៃហៅ ស្រីស នឹងរួមគ្នាចេញច្រៀងរាំក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ ដែលប្រជាជនខ្មែររស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីរៀបចំប្រារព្វឡើងដូចគ្នានឹងនៅកម្ពុជាដែរ។
កញ្ញា ខេលី បានថ្លែងពីអូស្ត្រាលីមកថា នាងពិតជាសប្បាយរីករាយសប្បាយ រំភើបខ្លាំងដែលបានចូលរួមចំណែកជួយដល់សង្គម ពិសេសការជួយដល់កុមារក្រីក្រីខ្វះខាតនៅកម្ពុជា អ្វីដែលកាន់តែសប្បាយចិត្តគឺក្រោយពេលដែលក្រុមអ្នកផលិតកម្មវិធីនៅទីនេះមានលោក គីន ហ៊ុល និងលោក ប៊ុន ហ៊ីង លោក ណារី ហៅ Jason ទទួលស្វាគមន៍ពួកនាងយ៉ាងកក់ក្តៅ។
តារាចម្រៀងប្រចាំផលិតកម្ម M រូបនេះបញ្ជាក់ដែរថា ទីក្រុងពីរដែលពួកនាងចូលរួមសម្តែងច្រៀងរាំគឺ មែលប៊ន និងស៊ីដនី។នាងថាថ្ងៃទី០៩ខែកញ្ញានេះពួកនាងនឹងបើកឆាកកម្មវិធីសម្តែងច្រៀងរាំលើកដំបូងនៅទីក្រុងមែលប៊នដោយពួកនាងបានត្រៀមរួចជាស្រេចនូវបទចម្រៀងជាច្រើនដើម្បីបម្រើអារម្មណ៍ប្រជាពលរដ្ឋខ្មែររស់នៅទីនោះ។
នាងរំពឹងដែរថា ការសម្តែងច្រៀង រាំរបស់ពួកនាង នឹងទទួលបានជោគជ័យ ព្រោះតែសិល្បៈដែលមកពេលនេះ សុទ្ធតែធ្លាប់ទទួលបានជោគជ័យលើទឹកដីនៃប្រទេសអូស្ត្រាលីចាប់ពី៤ទៅ៧ដងរួចទៅហើយ៕ វឌ្ឍនា