ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុកមនុស្សម្នាក់ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្ទាន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ខ្មៅលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1BC-3352 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ ស្រាប់តែបុកបុរសម្នាក់ ដែលកំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលរងរបួសតែម្តង។ ចំណែកម្ចាស់ម៉ូតូរងរបួសបែកមុខបែកមាត់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យដែរ។ ជនរងគ្រោះទាំងពីរនាក់មិនត្រូវបានគេស្គាល់ឈ្មោះនិងអាសយដ្ឋានទេ ព្រោះគ្រាន់តែកើតហេតុភ្លាម គេបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងឬួសរាន់ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់យកម៉ូតូខាងលើ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាម ច្បាប់ពេលក្រោយ ៕ ប្រាថ្នា