ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងបន្លំដឹកសត្វព្រៃរងការបង្ក្រាបពីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តក្រុងមួយគ្រឿង ដែលបន្លំដឹកសត្វព្រៃ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការលេខ៥០០ ស្ទាក់ចាប់បានកាលពីវេលាម៉ោង៦ និង៥នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចខាងមុខស្នាក់ការសន្តិសុខ៥០០លង្វែក លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលបង្ក្រាបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានទទួលព័ត៌មានច្បាស់ការមានការដឹកសត្វព្រៃតាមរថយន្តក្រុងមួយគ្រឿងឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពេលនោះកម្លាំងបានចេញស្ទាក់បាននៅចំណុចខាងលើ និងបានត្រួតពិនិត្យឃើញមានដឹកសត្វព្រៃ។

នៅក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចរកឃើញសត្វគ្រប់ប្រភេទ លាក់ទុកនៅក្នុងក្នុងឃ្លុបរថយន្តក្រុងនោះ មានសត្វអណ្តើក១០គីឡូក្រាម សត្វសំពោច៣ក្បាល សត្វពស់ចាន់តាម៉មចំនួន២៩គីឡូក្រាម ពស់សងសឿ៣៥គីឡូក្រាម ពស់ថ្លាន់២៤គីឡូក្រាម និងពស់វែក៣០គីឡូក្រាម។

ក្រោយពីបានត្រួតពិនិត្យសប់គ្រប់ ក៍ប្រគល់ឲ្យទៅខាងរដ្ឋបាលព្រៃឈើខេត្ត និងប្រគល់បន្តទៅឲ្យអង្គការវ៉ាយអេតដើម្បីយកទៅថែរក្សាការពារនៅភ្នំតាម៉ៅ ព្រោះសត្វទាំងនេះជាប្រភេទសត្វកម្រ និងជិតផុតពូជផងដែរ ។ ដោយឡែកអ្នកបើកបរ និងថយន្តក្រុង ដែលជាវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីសាកសួរ រកប្រភពពិត របស់ម្ចាស់ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ ចន្ថា


ចែករំលែក៖