ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យឯកជនម្នាក់នៅខេត្តប៉ៃលិនត្រូវឃាត់ខ្លួនបន្ទាប់ពីព្យាបាលទារកស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ មន្ត្រីមន្ទីរសុខាភិបាល ខេត្តប៉ៃលិនសហការជាមួយកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យគ្លីនិកឯកជនមួយ កន្លែងព្រមទាំងសុំឲ្យម្ចាស់បិទទ្វារបណ្តោះអាសន្នបន្ទាប់ពីគ្រូពេទ្យព្យាបាលទារកម្នាក់បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិបឹង ត្រកួន ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

មន្ត្រីសុខាភិបាលបានឲ្យដឹងថា ទារក ដែលស្លាប់ឈ្មោះ ត្រី វ៉ាឈិ អាយុ៤ខែ ទម្ងន់ ៧គីឡូក្រាម មានជំងឺក្តៅខ្លួនខ្លាំង រស់នៅ ភូមិស្វាយកង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ត បាត់ដំបង។ ចំណែកគ្រូពេទ្យដែលឃាត់ ខ្លួនឈ្មោះ ទូច គឹមញាណ ភេទប្រុស អាយុជាង៤០ឆ្នាំ ជាពេទ្យយោធា និងជា ម្ចាស់គ្លីនិកខាងលើ មានទីតាំងស្ថិតនៅក្បែរ ផ្សារសាលាក្រៅ ក្នុងភូមិវាល ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពបានបន្តទៀតថា មុនពេលកើត ហេតុឪពុកម្តាយទារកបានធ្វើដំណើរពីខេត្តបាត់ដំបងមកខេត្តប៉ៃលិនដើម្បីចូលរួមធ្វើបុណ្យសពឪពុកដែលបានស្លាប់ ស្រាប់តែកូនរបស់គាត់ក្តៅខ្លួនយ៉ាងខ្លាំងក៏បញ្ជូនទៅ សង្គ្រោះនៅគ្លីនិកខាងលើ។ ក្រោយមក លោកគ្រូពេទ្យឈ្មោះ ទូច គឹមញាណបានដាក់ប្រដាប់ស្ទង់កំដៅមើលក៏ឃើញថា ក្តៅខ្លួនខ្លាំងរហូតដល់៤០,២អង្សារហើយប្រាប់ម្តាយទារកឲ្យជូតខ្លួនកូននឹងកន្សែងពោះគោជ្រលក់ទឹកដើម្បីបន្ថយកម្តៅ ។

មួយសន្ទុះក្រោយកំដៅរបស់ទារក នោះ មានការថយចុះនៅសល់ត្រឹម៣៨,៧អង្សារ គ្រូពេទ្យក៏រៀបចំចាក់ថ្នាំបន្ថយកំដៅ និង បំបាត់ការឈឺចាប់ (ប៉ារ៉ាសេតាម៉ុល) និង រៀបចំដាក់សេរ៉ូមដើម្បីបំពេញជាតិទឹកឲ្យ ទារកក្នុង១វិនាទី១តំណក់បន្ទាប់មកទៀតគ្រូពេទ្យបានពិនិត្យមើលបំពង់.កឃើញមានរលាកខ្លាំងក៏បានប្រើថ្នាំប្រភេទអង់ទីប៊ីយូទិច រួចក៏ឲ្យក្មេងសម្រាកព្យាបាលនៅក្នុង គ្លីនិក២ទៅ៣ម៉ោងទើបឲ្យត្រឡប់ទៅផ្ទះ លុះនៅវេលាម៉ោងជាង៦ព្រឹកថ្ងៃកើតហេតុ ទារកក៏បានដាច់ខ្យល់ស្លាប់តែម្តង ។

ពាក់ព័ន្ធករណីនេះលោកវេជ្ជបណ្ឌិត សៀក រតនៈ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឲ្យដឹងថា បន្ទាប់ពីត្រួត ពិនិត្យរួចរកឃើញថា ម្ចាស់គ្លីនិកខាងលើ គ្មានសិទ្ធិដើម្បីនឹងចាក់ថ្នាំព្យាបាលអ្នកជំងឺណាម្នាក់នោះឡើយ ព្រោះគាត់រៀនផ្នែកពេទ្យបានត្រឹមតែរយៈពេល៣ឆ្នាំប៉ុណ្ណោះ ពោលគឺផ្នែកបរិញ្ញាបត្រគិលានុបដ្ឋាយិកា ហើយបើចង់ឱ្យក្លាយទៅជាគ្រូពេទ្យដែល មានសិទ្ធិអាចព្យាបាលចាក់ថ្នាំស្របច្បាប់បានទាល់តែរៀនចាប់ពី៥ទៅ៨ឆ្នាំ ។

លោកបានបន្តថា កន្លែងគ្លីនិកខាងលើ មានគ្រែសម្រាកព្យាបាលអ្នកជំងឺរហូតដល់៣ដោយអាចឲ្យអ្នកជំងឺស្នាក់នៅទីនោះបានដែលផ្ទុយនឹងច្បាប់អនុញ្ញាត។ ម្យ៉ាងវិញ ទៀតគាត់មិនព្រមបញ្ជូនទារកខាងលើទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់នោះឡើយ ដោយទុករហូតដល់ក្លាយទៅ ជាបែបនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានរៀបចំសំណុំរឿងដើម្បីបញ្ជូនគ្រូពេទ្យខាងលើ ទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការ តាមច្បាប់ ៕ សហការី


ចែករំលែក៖