ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំ កឹម សុខា បណ្តោះអាសន្នក្រោមការចោទអំពើក្បត់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៦ ខែ កញ្ញា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការ ចោទប្រកាន់ពីបទក្បត់ជាតិដែលទោសនេះប្រឈមនឹងការជាប់ពន្ធនាគារពី១៥ទៅ ៣០ឆ្នាំ។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ។

លោក លី សុផាណា បានប្រាប់អ្នក កាសែតថា បន្ទាប់ពីបញ្ចប់ការពិភាក្សាដេញ ដោលចំពោះមុខនិងសាកសួរចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា រួចរាល់ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិ ភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយបានអនុវត្តការឃុំខ្លួនតាមនីតិវិធី ។

លោក កឹម សុខា ត្រូវបានតំណាងអយ្យ ការអមសាលាដំបូងរាជធានីភ្នំពេញចោទ ប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលចែងក្នុងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីរកឃើញ ថា លោកមានការឃុបឃិតជាមួយសហរដ្ឋអាមេរិកក្នុងគោលដៅផ្តល់រំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជាដែលអាចនឹងបង្ក ឱ្យមានគ្រោះថ្នាក់ដល់សន្តិភាពរបស់ជាតិ ដូចកាលពីឆ្នាំ១៩៧០ ។

សូមបញ្ជាក់ថា លោក កឹម សុខា ប្រធាន គណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅវេលាម៉ោងប្រមាណ១២និង ៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោក ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញក្រោយពីបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការ អនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិកក្នុងការដណ្តើមអំណាចពីរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តី ថ្លែងការណ៍ភ្លាមៗក្រោយការចាប់ខ្លួននេះ ដោយបានចាត់ទុកកាយវិការ និងសកម្ម ភាពរបស់មេបក្សប្រឆាំងតាមរយៈការ និយាយដោយផ្ទាល់មាត់នៅក្នុងវីដេអូនេះថា ជាអំពើក្បត់ជាតិនិងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ។

ពាក់ព័ន្ធនឹងករណីនេះសម្តេចតេជោ បានប្រកាសដាច់ខាតមិនឱ្យសហរដ្ឋអាមេរិកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ហើយបង្គាប់ឱ្យមានការស៊ើបអង្កេតថែមទៀតចំពោះជនបរទេសដែលមានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់លោក កឹម សុខា ។

ជាមួយគ្នានេះដែរគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំមួយនៅ វេលាម៉ោង១០ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៧នេះដោយក្នុងនោះក៏មានរបៀប វារៈពិនិត្យលើករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសក្បត់ ជាតិផងដែរ។ នេះបើតាមការបញ្ជាក់ពី លោកឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបន្ទាប់ពីទទួលរបាយការណ៍ពីតុលាការក្នុងនោះមានរបៀបវារៈចំនួន៣ រួមមាន៖

ទី១-ពិនិត្យលើរបាយការណ៍តុលាការ ពាក់ព័ន្ធនឹងការចាប់ខ្លួនឃាត់ខ្លួននិងឃុំ ខ្លួនលោក កឹម សុខា ។

ទី២-ពិនិត្យលើលិខិតរបស់តំណាង រាស្រ្តដែលមានហត្ថលេខីចំនួន៤៨រូបស្នើ ឱ្យកោះប្រជុំវិសាមញ្ញ ។

ទី៣-កំណត់ពេលដើម្បីបើកកិច្ចប្រជុំ វិសាមញ្ញ ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែកញ្ញា បាន សម្រេចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិក្នុងមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌដែលបទល្មើសនេះប្រឈមនឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ហើយចៅក្រមស៊ើបសួរក៏បាន សម្រេចឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធ នាគារជាបណ្តោះអាសន្នផងដែរ ។

គិតតាំងពីថ្ងៃចាប់ខ្លួនរហូតដល់ពេល នេះលោក កឹម សុខា ត្រូវឃុំខ្លួននៅពន្ធ នាគារត្រពាំងប្លុង ស្ថិតនៅខេត្តត្បូងឃ្មុំ ៕ ហេង សូរិយា


ចែករំលែក៖