ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់វ័យជាង២០ឆ្នាំត្រូវសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនជាមួយថ្នាំញៀន២កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់វ័យជាង២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង២០ នាទីយប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ខណៈដែលបុរសរូបនេះជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខវត្តសំបួរមាស ផ្លូវលេខ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀនចំនួន២កញ្ចប់ធំនៅក្នុងហោប៉ៅខោខូវប៊យ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ហ៊ឹម ហើម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដោន ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FU-7885 ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញថ្នាំញៀននេះនៅចំណុចស្ពានដែកចំការដូង ក្នុងគោលបំណងប្រើប្រាស់ខ្លួនឯងផង និងចែក ចាយផងដែរ។ ចំណែកម៉ូតូ១គ្រឿងនោះជារបស់មិត្តភក្តិទេ។

លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោបញ្ជាក់បន្ថែមថា ដោយមានការណែនាំពីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានកំណត់អភិបាលរង១រូប អធិការរង១រូប និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ១រូប ដឹកនាំដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងមូលដ្ឋានក្នុង១សប្តាហ៍៣ថ្ងៃ។ លោកបន្តថា ការធ្វើបែបនេះគឺអាជ្ញាធរយើងចូលរួមកាត់បន្ថយបទល្មើសនានាដូចជា៖ គ្រឿងញៀន ត្រួតពិនិត្យជាតិអាកុលផងដែរ។ ជាក់ស្តែងនៅយប់ថ្ងៃទី៦កញ្ញានេះយើងបានឃាត់ជនសង្ស័យម្នាក់ដែលបានឆ្លងកាត់គោលដៅត្រួតពិនិត្យ ហើយយើងបានរកឃើញជនសង្ស័យមានលាក់ទុកគ្រឿងញៀននៅក្នុងដបម្សៅភេសាត់ចំ នួន២កញ្ចប់ធំ។ បច្ចុប្បន្នយើងបានប្រគល់ជនសង្ស័យរូបនេះឲ្យទៅខាងសមត្ថកិច្ចនគរបាលខណ្ឌចាត់ការតាមច្បាប់។

គួររំលឹកថា កម្លាំងចម្រុះរួមមាន៖ កងរាជអាវុធហត្ថខណ្ឌដង្កោ១៥រូប នគរបាលខណ្ឌដង្កោ១៦រូប និងកម្លាំងប្រជាការពារខណ្ឌ២៣រូប ដឹកនាំដោយលោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនគរបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ សុខ សម្បតិ្ត មេបញ្ជា ការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ៕ តាឡឹម


ចែករំលែក៖