កាលពីថ្ងៃទី៦ ខែសីហា អង្គការណាតូបានប្រកាសអំពាវនាវ ដល់បណ្តាប្រទេស បង្កើនការដាក់ទណ្ដកម្មទៅលើកូរ៉េខាងជើង បង្ខំឲ្យប្រទេសនេះបោះបង់កម្មវិធីអាវុធដែលបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល។
ប្រទេសជាសមាជិកណាតូទាំង២៩បានព្រមព្រៀងគ្នា ចេញសេចក្តីប្រកាសរួមក្នុងនោះ បញ្ជាក់ពីការចាំបាច់ក្នុងការដាក់គំនៀបទៅលើកូរ៉េខាងជើង បង្ខំឲ្យប្រទេសនេះបោះបង់កម្មវិធីអាវុធដែលអាចបង្កអសន្តិសុខនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល។
បណ្តាមន្ត្រីការបរទេសណាតូបានបញ្ជាក់ថា គឺចាំបាច់ត្រូវតែបង្កើន ការដាក់កំនៀបទៅលើដៃគូរពាណិជ្ជកម្ម របស់កូរ៉េខាងជើង ដូចជាចិន និងបណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិកជាដើម។ ក្នុងថ្ងៃជាមួយគ្នានោះអាមេរិកបានស្នើរដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
នៅក្នុងសេចក្តីព្រៀងច្បាប់ស្តីអំពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដែលបានធ្វើឡើងដោយអាមេរិកបានអំពាវនាវឲ្យដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់កូរ៉េខាងជើង ហាមប្រទេសនេះនាំចេញនៅសម្លៀកបំពាក់ និងហាមនាំពលករកូរ៉េខាងជើងទៅធ្វើការនៅក្រៅប្រទេស។ នៅក្នុងសេចក្តីព្រៀងច្បាប់នោះ ក៏បានហាមនាំចូលថាមពលប្រេងដែលចម្រាញ់រួចទៅកាន់កូរ៉េខាងជើងព្រមទាំងឧស្ម័នហ្គាសផងដែរ។
ប្រសិនបើត្រូវបានអង្គការសហប្រជាជាតិអនុម័ត នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យឧស្សាហកម្មកាត់ដែរនៅក្នុងប្រទេសនេះ ក៏ដូចជាការនាំចេញប្រេងឆៅទៅក្រៅប្រទេស។
ការនាំចេញនៅក្នុងវិស័យកាត់ដែររបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០១៦ មានរហូតដល់ទៅ៧៥២លានដុល្លារអាមេរិក ហើយការនាំចេញទៅកាន់ប្រទេសចិនមានដល់ទៅ៨០ភាគរយ។
ក្រៅពីនេះទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo គ្រប់គ្រងដោយកម្លាំងយោធា កូរ៉េខាងជើងក៏ត្រូវបានបង្កកផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍នេះ មានផ្លូវហោះហើរ ទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងមួយចំនួនទៀតរបស់ចិន ព្រមទាំងទីក្រុង Vladivostok របស់រុស្ស៊ីផងដែរ៕ ម៉ែវ សាធី