ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាកំណត់យកថ្ងៃទី១១ ខែកញ្ញា ប្រជុំវិសាមញ្ញលើករណីចាប់លោក កឹម សុខា

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានប្រកាសថា នឹងយកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខដើម្បីបើកកិច្ចប្រជុំវិសាមញ្ញលើករណីចាប់លោក កឹម សុខា សមាជិករដ្ឋសភា និងជាប្រធានគណ បក្សសង្គ្រោះជាតិក្រោយពេលតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារពាក់ព័ន្ធ អំពើក្បត់ជាតិ ។

សូមបញ្ជាក់ថា នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានបើកកិច្ចប្រជុំដើម្បី ពិនិត្យលើករណីលោក កឹម សុខា ដែលត្រូវ សមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ក្បត់ជាតិ ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋ សភាបានបញ្ជាក់ថា កិច្ចប្រជុំនេះបន្ទាប់ពីទទួលរបាយការណ៍ពីតុលាការក្នុងនោះ មានរបៀបវារៈចំនួន៣រួមមាន ទី១-ពិនិត្យ លើរបាយការណ៍តុលាការពាក់ព័ន្ធនឹងការចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា, ទី២-ពិនិត្យលើលិខិតរបស់តំណាងរាស្រ្តដែលមានហត្ថលេខីចំនួន៤៨រូបស្នើ ឱ្យកោះប្រជុំវិសាមញ្ញ និងទី៣-កំណត់ ពេលដើម្បីបើកកិច្ចប្រជុំវិសាមញ្ញ ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៧ បានសម្រេចចោទប្រកាន់លោក កឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយបរ ទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិក្នុងមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈមនឹងការដាក់ ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ ហើយចៅក្រម ស៊ើបសួរក៏បានសម្រេចឃុំខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ផងដែរ ។

គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភាបាន ចាត់ទុកថា របាយការណ៍របស់សមត្ថកិច្ច ដែលដាក់ជូនមករដ្ឋសភាពាក់ព័ន្ធការចាប់ខ្លួនលោក កឹម សុខា តំណាងរាស្ដ្រមណ្ឌល កំពង់ចាម និងជាប្រធានគណបក្សសង្គ្រោះជាតិនោះគឺធ្វើឡើងត្រឹមត្រូវតាមច្បាប់រដ្ឋ ធម្មនុញ្ញហើយបានសម្រេចដាក់ករណីលោក កឹម សុខា ខាងលើនេះជូនសម័យ ប្រជុំវិសាមញ្ញរដ្ឋសភាសម្រេចទៅតាមបទបញ្ញតិ្តមាត្រា៨០នៃរដ្ឋធម្មនុញ្ញ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះបាន បញ្ជាក់យ៉ាងដូច្នេះថា «អង្គប្រជុំគណៈកម្មា ធិការអចិន្ដ្រៃយ៍រដ្ឋសភាសន្និដ្ឋានថា របាយ ការណ៍ជូនរដ្ឋសភារបស់សមត្ថកិច្ចពាក់ព័ន្ធនឹងករណីចាប់ខ្លួនចោទប្រកាន់ឃាត់ខ្លួន និងឃុំខ្លួនឯកឧត្តម កឹម សុខា តំណាងរាស្ដ្រ មណ្ឌលខេត្តកំពង់ចាមបានធ្វើត្រឹមត្រូវ តាមបទបញ្ញតិ្ដមាត្រា៨០នៃរដ្ឋធម្មនុញ្ញនិងបទបញ្ញត្តិច្បាប់ដទៃទៀតដែលពាក់ព័ន្ធ»។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក គី ឫទ្ធី មិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិចូលជួបសួរសុខ ទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារ ត្រពាំងប្លុងនោះទេដោយលោកចៅក្រម ពន្យល់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា។ នេះបើយោងតាមលិខិត របស់លោកចៅក្រម គី ឫទ្ធី ផ្ញើជូនលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ដ្រមណ្ឌលបាត់ ដំបងគណបក្សសង្គ្រោះជាតិ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លោកស្រី មូរ សុខហួរ បាន សរសេរលិខិតទៅចៅក្រម គី ឫទ្ធី សុំជួប សួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌល អប់រំកែប្រែទី៣ (ពន្ធនាគារត្រពាំងប្លុង) នៅវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ។

នៅក្នុងលិខិតស្នើសុំនោះក្រៅពីលោក ស្រី មូរ សុខហួរ រួមមាន លោក ប៉ុល ហំម តំណាងរាស្ដ្រមណ្ឌលតាកែវ លោក សុន ឆ័យ តំណាងរាស្ដ្រមណ្ឌលភ្នំពេញ លោក សួន សូរីដា តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងលោក គី វ៉ាន់តារា តំណាងរាស្ដ្រមណ្ឌល កំពង់ឆ្នាំងដែលមានបំណងចូលសួរសុខ ទុក្ខលោក កឹម សុខា ។

នៅក្នុងលិខិតជម្រាបជូនទៅលោកស្រី មូរ សុខហួរ លោកចៅក្រម គី ឫទី្ធ បាន បញ្ជាក់យ៉ាងដូច្នេះថា «ដោយសារសំណុំរឿងកំពុងស្ថិតនៅក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្ដុតាងនានាហើយចៅក្រមមិនទាន់សាកសួរជនត្រូវចោទនៅឡើយ។ ហេតុនេះការចូលជួបឬសួរសុខ ទុក្ខអាចអនុញ្ញាតឲ្យបានតែមេធាវី និងក្រុម គ្រួសារជនត្រូវចោទដែលមិនទាន់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។ សម្រាប់អ្នកដទៃទៀត ការចូលសួរសុខទុក្ខអាចអនុញ្ញាតឲ្យបាន ក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់ មួយចំនួនសិន។ អាស្រ័យហេតុនេះការសុំ ចូលសុខទុក្ខលោក កឹម សុខា នៅមណ្ឌល អប់រំកែប្រែទី៣វេលាម៉ោង២រសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ មិនអាចអនុញ្ញាត ជូនបានទេ» ៕ ហេង សូរិយា


ចែករំលែក៖