ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ជិះល្បាតក្នុងមូលដ្ឋានបង្ក្រាបបានថ្នាំញៀន៤កញ្ចប់ធំ​និង ១១កញ្ចប់តូចពីជនសង្ស័យ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមជនសង្ស័យ៣នាក់ និងថ្នាំញៀន១៥កញ្ចប់ធំ,តូច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះល្បាតក្នុងមូលដ្ឋានធ្វើការបង្ក្រាប រួមទាំងដកហូតបានម៉ូតូ២គ្រឿងថែមទៀតផង។

ប្រតិបត្តិការបង្ក្រាបបានករណីជួញដូរគ្រឿងញៀនខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរស្ពានបាគូរ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខាងលើនេះ ទី១ ឈ្មោះ គង់ សុីឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកបាទី ខេត្តតាកែវ ទី២ ឈ្មោះ ចាប សុខលិម ភេទប្រុស អាយុ២៣ឆ្នាំ មុនរបរជាងកាត់សក់នៅម្ដុំសាលាបាក់ទូក ស្នាក់នៅម្ដុំវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៣ មានឈ្មោះ ឡូយ សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ដោយឡែកវត្ថុតាំង ដែលដកហូតបានរួមមាន៖ ថ្នាំញៀន4កញ្ចប់ធំ និង11កញ្ចប់តូច ។ រួមទាំងដកហូតបានម៉ូតូ២គ្រឿង ដែល១គ្រឿងម៉ាកហង់ដាឌុក(ម៉ូតូធំ) បិតស្កុតពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1DH-4555 និង១គ្រឿងទៀត ម៉ាកស៊ុយសុគី និច ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1DD-8033 ។

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា មុននឹងបង្ក្រាបបានករណីជួញដូរគ្រឿងញៀនខាងលើគឺ នៅយប់កើតហេតុកម្លាំងរបស់លោកបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារបទល្មើស និងហេតុការណ៍ផ្សែង ។ ខណៈជិះដល់ទីតាំងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ មានសកម្មភាពមិនប្រក្រតី ក៏បានហៅសួរនាំ តែពួកគេបានព្យាយាមជិះម៉ូតូរត់ ក៏នៅតែសមត្ថកិច្ចយើងចាប់បាន និងរកឃើញថ្នាំញៀនមួយចំនួនធំខាងលើតែម្ដង ។​

ក្រោយមក ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដើម្បីសួរនាំ និងកសាងសាណុំរឿងបញ្ជូនទៅកាន់អធិការដ្ឌានគរបាលខណ្ឌដង្កោ រង់ចាំចាត់ការបន្តតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖