ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿង ហើយផ្ទុកឈើឡើងពេញរថយន្ត បានធ្វើដំណើរយ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅធ្លាក់ចូលបឹងបណ្ដាលឲ្យក្រឡាប់ចេញសុទ្ធតែឈើ តែមិនមានអ្នករងរបួសនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅក្បែរវត្តធម្មត្រៃ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុនោះ ពួកគាត់បានចូលសម្រាកក្នុងផ្ទះអស់ទៅហើយ ព្រោះយប់ក៏រៀងជ្រៅ ហើយស្ងាត់ទៀត ។
បន្ទាប់ក្រោយមក ពួកគាត់ក៏លឺសម្លេងរថយន្តចាប់ហ្វ្រាំងលឺយ៉ាងខ្លាំង ភ្លាមៗនោះពួកគាត់ក៏បានដើរចេញមកខាងក្រៅ ហើយក៏ឃើញមានស្នាមកង់រថយន្តអូសជាង២០ម៉ែត្រ និងឃើញរថយន្តកូរ៉េ ២តោនកន្លះ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3C- 8665 បានធ្លាក់ចូលក្នុងបឹងជាប់ផ្លូវ៣០ម៉ែត្រ រួមទាំងបាក់ប៉ាណូនៅជាប់ចិញ្ចើមផ្លូវអស់១ផ្ទាំងផងដែរ ។ ក្នុងអំឡុងពេលនោះ ក៏ឃើញមានបុរសម្នាក់បានចេញពីក្នុងរថយន្តឡើងមកលើគោក ដើរបណ្ដើរ រត់បណ្ដើរគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានចុះមើលរថយន្តបង្កខាងលើ ក៏ឃើញមានឈើខ្លឹមពេញក្នុងរថយន្តតែម្ដង (ដោយសង្ស័យថា ជាឈើគ្រញូង និងឈើធ្នង់ ) រួចពួកគាត់ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកើតហេតុ ។
ក្រោយមក រថយន្តបង្ករួមទាំងឈើនៅក្នុងរថយន្តខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចទទួលផ្នែករដ្ឋបាលព្រៃឈើសង្កាត់ដង្កោ ចុះមកស្ទួចយកទៅរក្សាទុក រង់ចាំចាត់ការតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ