ភ្នំពេញ៖ កូនប្រុសពៅរបស់តារាកំប្លែង នាយក្រឹម គឺលោកអ៊ូ ដានញ៉ែល ហៅChaos បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មីក្រោយពីយុវជនរូបនេះបង្ហាញវត្តមានក្នុងកម្មវិធីសនិសីតកាសែតស្តីពីគម្រោងបើកកម្មវិធីដាក់ឲ្យដេញថ្លៃលើកដំបូងនូវស្នាដៃគំនូរបែបសម័យទំនើប ។ កម្មវិធីនេះនឹងត្រូវធ្វើនៅថ្ងៃទី១០ខែកញ្ញា នេះនៅក្នុងសណ្ឋាគារសូហ្វីតែលភូកេត្រាភ្នំពេញ។
កូនប្រុសតារាកំប្លែងនាយក្រឹមមុននេះធ្លាប់បានចេញមុខបង្ហាញអារម្មណ៍មិនសប្បាយចិត្តនឹងរឿងនាយក្រឹមចាកចេញពីផ្ទះទៅនៅជាមួយនាងលាភ។ កូនប្រុសពៅរូបនេះក៏ធ្លាប់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៃប្រទេសថៃព្រោះតែជំងឺរបេងឆ្អឹងខ្នងកាលពីប៉ុន្មានខែមុនផងដែរ។ លោកអ៊ូដានញ៉ែលហៅChaos ដែលជាវិចិត្រករវ័យក្មេងប៉ុន្តែត្រូវបានគេទទួលស្គាល់ច្រើនពីអ្នកនិយមគំនូរតាមដងផ្លូវ ឬការគូគំនូរជញ្ជាំនៅទីសាធារណៈ។ យុវជនរូបនេះធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយលោកបានវិលមករស់នៅកម្ពុជាគ្រាដែលលោកមានវ័យ១២។ ចាប់ពីឆ្នាំ២០១២មកលោកត្រូវបានគេទទួលស្គាល់ថាជាវិចិត្រករផ្នែកគំនូរលើជញ្ជាំង និងតាមទីសាធារណៈនាទីក្រុងភ្នំពេញ។ លោកក៏ជាស្ថាបនិកនៃសមូហភាពវិចិត្រករខ្មែរ(YSK) និងម៉ាកសំលៀកបំពាក់Street Wear OMENS។ គំនូរបែបសម័យថ្មីរបស់កូនប្រុសតារាកំប្លែងរូបនេះគឺជាគំនូរជាអក្សរភាសាសញ្ញាសម្គាល់អត្ថន័យនៃពាក្យដែលអធិប្បាយពីអារម្មណ៍តាមការដាក់បញ្ចូលតម្លៃនិម្មិតសញ្ញា និងអត្ថន័យនៃការបង្រួញរូបភាព។
លោកបញ្ជាក់ថា រូបគំនូររបស់លោកនឹងត្រូវធ្វើការដាក់តាំងបង្ហាញ និងដាក់ឲ្យធ្វើការដេញថ្លៃក្នុងតម្លៃចាប់ពី៥០០ដុល្លារអាមេរិក។លោករំពឹងដែរថាកម្មវិធីខាងលើនឹងទទួលបានការចូលរួមច្រើនពីមហាជន។
គួរបញ្ជាក់ដែរថា កម្មវិធីដាក់បង្ហាញនិងដេញថ្លៃផ្ទាំងគំនូរបែបសម័យទំនើបលើកដំបូងគេនៅកម្ពុជានឹងត្រូវធ្វើឡើងក្នុងថ្ងៃអាទិត្យសប្តាហ៍នេះនៅក្នុងសណ្ឋាគារសូហ្វីតែលភូកេត្រា។ ផ្ទាំងគំនូរជាង២០ផ្ទាំងដែលគូរដោយវិចិត្រករល្បីឈ្មោះខ្មែរ និងបរទេសនឹងត្រូវដាក់តាំងបង្ហាញ និងធ្វើការដេញថ្លៃនៅរាត្រីថ្ងៃដដែលនេះដែរ។ ថវិកាមួយផ្នែកដែលបានមកពីការដេញថ្លៃនឹងត្រូវគេយកទៅជួយទ្រទ្រង់ដល់មូនិធិមួយជួយដល់សហគមក្រីក្រនៅកម្ពុជផងដែរ៕ វឌ្ឍនា