ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយលោកអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិន

ចែករំលែក៖

ភ្នំពេញ៖ នៅវិមានរដ្ឋាភិបាលសន្តិភាព ព្រឹកថ្ងៃទី ០៨ កញ្ញា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Wang Jiarui អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។

គោលបំណង លោក Wang Jiarui ដែលបានដឹកនាំគណៈប្រតិភូសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនមកទស្សនកិច្ចនៅកម្ពុជាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជា។ លោក Wang Jiarui បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតីចិន Xi Jinping និង លោក Li Kequiang នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្តេចតេជោផងដែរ។ លោក Wang Jiarui បានប្រសាសន៍បញ្ជាក់សារជាថ្មីអំពីទំនាក់ទំនងកម្ពុជា-ចិនក្នុងក្របខណ្ឌយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបានធ្វើសម្ព័ន្ឋមិត្តជាបងប្អូនកាន់តែរឹងមាំ និងរីកចម្រើនយ៉ាងខ្លាំង។

លោក Wang Jiarui បានជំរាបជូន សម្តេចតេជោ ផងដែរអំពីសភាពការណ៍នយោបាយរវាងប្រទេសចិន ជាមួយឥណ្ឌា វៀតណាម ហ្វីលីពីន ដែលកំពុងមានភាពល្អប្រសើរទៅមុខ។ ចំពោះសភាពការណ៍នៅឧបទ្វីបកូរ៉េគឺ លោក Wang ចង់ឃើញមានការចរចារដោយសន្តិភាព។ ប្រទេសចិនមិនគាំទ្រអោយ មានការបាញ់អាវុធនុយក្លេអែរប្រល័យលោកឡើយ។ ចំពោះទំនាក់ទំនងចិននិងឥណ្ឌា គឺកាន់តែប្រសើរឡើង ក្រោយនាយករដ្ឋមន្ត្រីឥណ្ឌាបានធ្វើទស្សនកិច្ចនៅប្រទេសចិន។

លោក Wang Jiarui បានជម្រាបជូន សម្តេចតេជោ ផងដែរថាប្រទេសចិន បានរៀបចំរួច ទទួលសម្តេច តេជោ នៅក្នុងដំណើរទស្សនកិច្ចអញ្ជើញចូលរួមពិធីតាំងពិព័រណ៌ចិន-អាស៊ានដ៏ធំមួយ រួមជាមួយនឹងកិច្ចប្រជុំកំពូលអំពីការវិនិយោគ ពាណិជ្ជកម្ម ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិនសប្តាហ៍ក្រោយនេះ។

លោក Wang បានបញ្ជាក់ជម្រាបសម្តេចតេជោ ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ប្រទេសយើងទាំងពីរគឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Wang Jiarui ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចរិតចំណងមិត្តភាពកម្ពុជាចិនពេលនេះ ហើយសម្តេចតេជោ ក៏បានអរគុណលោកប្រធានាធិបតីចិន Xi Jinping និង លោកនាយករដ្ឋមន្រ្តីចិន Li Kequiang ដែលបានផ្តាំផ្ញើសួរសុខទុក្ខសម្តេចតេជោ។ សម្តេចតេជោនាយករដ្ឋមន្រ្តីសង្ឃឹមថា លោកប្រធានាធិបតីចិន Xi Jinping នឹងបន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនតទៅទៀត នៅក្នុងមហាសន្និបាតបក្សខាងមុខនេះ។

ក្រោយពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ ហ៊ុន សែន បានរៀបចំពិសារអហារថ្ងៃត្រង់ជូនលោក Wang Jiarui និងគណប្រតិភូមិត្តចិននៅវិមានសន្តិភាពប្រកបដោយបិរយាកាសរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖