ព័ត៌មានទាន់ហេតុការណ៍៖

២នាក់ប្ដីប្រពន្ធ លួចគ្រឿងអលង្ការពីខេត្តសៀមរាបទៅសម្ងំលាក់ខ្លួននៅសង្កាត់ទួល សង្កែនគរបាលតាមក្របួចជាប់

ចែករំលែក៖

ភ្នំពេញៈប្តីប្រពន្ធពីរនាក់ ក្រោយពីលួចយកគ្រឿងអលង្ការរបស់ម្ចាស់ផ្ទះនៅខេត្តសៀមរាប ហើយរត់គេចខ្លួនមកស្នាក់នៅផ្ទះជួលនៅភ្នំពេញត្រូវបាន សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ សហការជាមួយនគរបាលខេត្តសៀមរាប ចាប់ខ្លួននៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ C4 ផ្លូវលេខ១០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនជាប្តី និងប្រពន្ធឈ្មោះ ទ្រី សុខលៀប អាយុ១៧ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ ចំណែកឯជនរងគ្រោះឈ្មោះ ប៉ិច ធីតា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅភូមិបន្ទាយចាស់ ឃុំស្លាក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។

បើតាមប្រពភព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៦និង១៥នាទីព្រឹក ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះបានធ្វើសកម្មភាពលួចយកគ្រឿងអលង្ការ មានតម្លៃជាច្រើនដូចជា ខ្សែកចំនួន ២តម្លឹង, បន្តោងព្រះអង្គចំនួន ៦អង្គ, ខ្នោះចំនួនមួយ, ដំបងដែកចំនួនមួយ និងសំលៀកបំពាក់ចំនួនមួយ បើគិតជាទឹកប្រាក់ប្រហែលជា ២ម៉ឺន៥ពាន់ដុល្លាអាមេរិកនៅចំណុចក្នុងក្រុមហ៊ុន សន្តិសុខឯកជន ស្ថិតនៅក្នុងភូមិបន្ទាយចាស់ ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប។ ក្រោយពីពួកគេទាំង២នាក់ប្តីប្រពន្ធ បានធ្វើសកម្មភាពលួចរួចមក ក៏បាននាំគ្នារត់គេចខ្លួនពីខេត្តសៀមរាបមកសម្ងំលាក់ខ្លួននៅសង្កាត់ទួលសង្កែ ខណឫស្សីកែវ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ភ្លាមៗជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ហើយបានតាមស្វែងរកប្តីប្រពន្ធពីរនាក់នេះរហូតមកដល់ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ទើបទទួលដំណឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅសង្កាត់ទួលសង្កែទើបកម្លាំងនគរបាលខេត្តសៀមរាប ទៅសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ជាក់ស្តែងនៅបន្ទប់ជួលលេខ C4 ផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែតែម្តង។ យ៉ាងណាក្រោយពេលឃាត់ខ្លួនប្តីប្រពន្ធពីរនាក់នេះរួចមកសមត្ថកិច្ចដកហូតបានគ្រឿងអលង្ការមួយចំនួន ហើយបាននាំ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្ត ៕ អរុណរះ


ចែករំលែក៖