ព័ត៌មានទាន់ហេតុការណ៍៖

កាន់បិណ្ឌវេនទី១ ព្រះសង្ឃ និងពលរដ្ឋ២៣អង្គ/នាក់ពុលនំបញ្ចុកក្អួតចង្អោបញ្ជូនចូលពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក កែវ សុភ័ក្រ្តា បានប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ឲ្យដឹងថាជុំវិញនៃការពុលចំណីអាហារប្រជាពលរដ្ឋនិងព្រះសង្ឃចំនួន២៣អង្គនាក់ នៅវត្តប្រាសាទស្មាច់ ភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ សង្ស័យដោយសារបណ្តាលមកពីពុលនំបញ្ចុករឺត្រីសាច់ដែលផ្អាប់ទុកបង្កជាបាក់តេរីសម្រាប់ធ្វើម្ហូបអាហារជាចង្អាន់ ក្នុងឱកាសបុណ្យកាន់បិណ្ឌទី១នោះ។

លោកប្រាប់ឲ្យដឹងទៀតថា ព្រះសង្ឃ១អង្គនិងប្រជាពលរដ្ឋពុទ្ធបរិស័ទ២២នាក់នោះបានធូស្បើយ និងចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ហើយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពីពីពួកគាត់ត្រូវបានបញ្ជូនយកមកសង្រ្គោះសម្រាកព្យាបាលរយៈពេល១ថ្ងៃនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុកនិងមណ្ឌលសុខភាពស្រុកព្រះនេត្រព្រះរួចហើយនោះ។

សូមរំលឹកថាកាលពីពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តប្រាសាទស្មាច់ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋបាននាំគ្នាធ្វើបុណ្យកាន់បិណ្ឌទី១ ។ នៅពេលព្រឹកបានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ គឺមាននំបញ្ចុក សម្លការី ដោយមានបន្លែ ជាច្រើនមុខ ក្រោយពីព្រះសង្ឃឆាន់រួចហើយ ពុទ្ធបរិស័ទប្រជាពលរដ្ឋក៏ហូបនំបញ្ចុកសម្លការីនោះផងដែរ តែនៅពេលនោះមិនទាន់មានបញ្ហាអ្វីនោះទេ។លុះបន្ទាប់ដល់ពេលចង្ហាន់ថ្ងៃត្រង់វេលាម៉ោង១១ថ្ងៃដដែល ប្រជាពលរដ្ឋពុទ្ធបរិស័ទក៏បានធ្វើម្ហូបអាហារ មានប្រហុកពងទាត្រីប្រម៉ាដែលធ្វើទុកពីល្ងាច ទឹកគ្រឿង ទឹកត្រីផ្អែម ទ្រនាប់សាច់ជ្រូក ម្ហូបទាំងអស់នេះ គឺប្រើប្រាស់បន្លែជាច្រើនប្រភេទផងនោះទៀត។ក្រោយពីព្រះសង្ឃឆាន់ចង្ហាន់រួចហើយ ប្រជាពលរដ្ឋពុទ្ធបរិស័ទ ក៏នាំគ្នាហូបតាមក្រោយផងដែរ ។លុះដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែមានប្រជាពលរដ្ឋចំនួន២២នាក់ ស្រី១០នាក់ រួមទាំងព្រះសង្ឈ១អង្គ បានកើតអាការៈក្អួត ចង្អោរ រាគរុះធ្ងន់និងស្រាលជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ និងបន្ទាប់មកអ្នកភូមិបានទំនាក់ទំនងហៅរថយន្តពេទ្យមកដឹកបញ្ជូនជួយសង្គោះន្បន្ទាន់នៅមន្ទីពេទ្យស្រុកព្រះនេត្រះនិងស្រុកភ្នំស្រុក។ប្រជាពលរដ្ឋនិងព្រះសង្ឃរងការពុលនោះក៏ត្រូវបានគ្រូពេទ្យព្យាបាលហើយរួចផុតពីគ្រោះថ្នាក់បាត់បង់អាយុជីវិត ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះក្នុងករណីពុលចំនីអាហារធ្ងន់បើសិនជាអូសបន្លាយទុកពេលវេលាចាប់ពី៤ទៅ៦ម៉ោងឡើងទៅមិនបានបញ្ជូនមកមន្ទីរពេទ្យទាន់ពេលវេលាវាអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។

សូមរំលឹកថា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខាងលើនោះដែរ កាលពីដើម ខែសីហា មុននោះធ្លាប់កើតឡើងនូវហេតុការណ៍ពុលត្រីកំពតមានមនុស្សមួយគ្រួសារ៧នាក់ក្មេងចាស់ប្រុសស្រីបានស្លាប់១នាក់និងមានអាការៈពុលធ្ងន់ស្រាល៦នាក់ក្រោយពួកគេទទួលទានត្រីកំពតរួចហើយនោះ៕សំ វិច្ឆិកា


ចែករំលែក៖