ព័ត៌មានទាន់ហេតុការណ៍៖

ភ្លាត់ស្នៀត! រាយខ្សែភ្លើងឆក់ត្រីតាមវាលស្រែ ឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ បន្ទាប់ពីរាយខ្សែភ្លើងដើម្បីឆក់ត្រីតាមវាលស្រែ បែរជាឆក់ខ្លួនឯងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែញ្ញា ឆ្នាំ២០១៧​ នៅចំណុច ដីវាលស្រែ ស្ថិតភូមិគល់ សង្កាត់កន្ទោកខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះតាត សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះពីរនាក់បងថ្លៃជាកម្មករសំណង់បាននាំគ្នារាយខ្សែភ្លើងពីកន្លែងរោងស្នាក់នៅ រាយទៅវាលស្រែដោយពេលនោះ កម្មករសំណង់ឈ្មោះនួន វិន ជាអ្នកកាន់ដងឆក់ត្រីនៅចម្ងាយប្រហែល៤៥ម៉ែត្រ ពីជនរងគ្រោះឈ្មោះ តាត សុវណ្ណ ជាអ្នកពង្រាយខ្សែភ្លើង ស្រាប់តែមិនទាន់បានឆក់ត្រីផង ជនរងគ្រោះបានរាយខ្សែភ្លើងប៉ះចំខ្សែភ្លើងមានកន្លែងស្រាត ក៏ឆក់ស្លាប់ភ្លាមៗតែម្ដង ហើយក្រុមគ្រួសារសព បានយល់ឃើញថា ការស្លាប់របស់ជនរងគ្រោះពិតជាបានឆក់ចរន្តអគ្គីសនីស្លាប់ដោយខ្លួនឯង មិនពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេ ដោយក្រុមគ្រួសារសពបានបដិសេធបណ្ដឹងមិនចោទប្រកាន់ទៅលើបុគ្គលណាឡើយ ដោយសុំតែយកសពទៅធ្វើបុណ្យនៅឯស្រុកកំណើតភូមិព្រៃកំពោង ឃុំកាហែង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

តាមការពិនិត្យ របស់ផ្នែកជំនាញខណ្ឌ រកឃើញនៅលើម្រាមចង្អុលដៃឆ្វេងមានស្លាកស្នាម និងម្រាមនាងដៃខាងស្ដាំមានស្នាមស្លោករលាត់ស្បែក និងឃើញខ្សែភ្លើងដាច់ស្រោមស្រាតប្រហែលបីហ៊ុនជាខ្សែភ្លើងរាយឆក់ត្រីប្រវែង៨៥ម៉ែត្រ។

សមត្ថកិច្ចបានបញ្ជាក់ថា​ ជនរងគ្រោះពិតជាបានរាយខ្សែភ្លើងឆក់ត្រីហើយត្រូវឆក់ចរន្តអគ្គីសនី ស្លាប់ពិតប្រាកដមែន ៕ សុខាសែនជ័យ


ចែករំលែក៖