ខេត្តកណ្តាលៈ ក្រោយពីបានដឹងលទ្ធផលប្រឡងបាក់ឌុបមិនជាប់ នារីម្នាក់បានគិតខ្លីចង.កបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់នារីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ អោក សុភាព អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានឪពុកឈ្មោះ សយ អោក អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកង់ ម្ដាយឈ្មោះ ឈុំ ឡឺង អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងទួល ឃុំសំរោងលើ ស្រុកអង្គស្នួល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុនារីរងគ្រោះបានទៅដាក់បិណ្ឌជាមួយក្រុមគ្រួសារនៅឯខេត្តតាកែវ ។ បន្ទាប់បីត្រឡប់មកដល់ផ្ទះវិញនៅវេលាម៉ោង៤រសៀល ស្ត្រីជាម្តាយបាននិយាយទៅកាន់នារីរងគ្រោះជាកូនថា “ប្អូនជីដូនមួយរបស់ឯងប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់.?” ។ ភ្លាមៗនោះនារីរងគ្រោះបានឆ្លើយតបវិញថា “មិនដឹងទេម៉ែ” ក្រោយពីនិយាយចប់នារីរងគ្រោះក៏ហុចកាបូបដាក់លុយទៅឲ្យស្ត្រីជាម្តាយ ហើយបានដើរឡើងទៅលើផ្ទះបាត់ទៅ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញដូច្នេះស្ត្រីជាបងបានដើរទៅប្រាប់ស្ត្រីជាម្តាយថា “វាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី” ។ មួយសន្ទុះក្រោយមកមិនឃើញនារីរងគ្រោះចុះពីលើផ្ទះ ស្ត្រីជាម្តាយបានឡើងទៅមើលក៏ប្រទះឃើញនារីរងគ្រោះចង.កស្លាប់នៅក្នុងបន្ទប់ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោឡើងតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញ បច្ចេកទេស និងវិទ្យាសាស្ត្រស្រុកសហការជាមួយលោកគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំ បានចុះទៅពិនិត្យសាកសពនារីរងគ្រោះ ។ សមត្ថកិច្ច និងគ្រូពេទ្យបានបញ្ជាក់ថា នារីរងគ្រោះពិតជាស្លាប់ដោយសារចង.កធ្វើអត្តឃាតប្រាកដមែន ។ បច្ចុប្បន្នសាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ