ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបុករថយន្តម៉ាក RANGE ROVER ឆ្លងកាត់ផ្លូវបំបែកជាបួនរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ: បុរស២នាក់ ជិះរថយន្តម៉ាក RANGE ROVER ស៊េរីទំនើបមួយគ្រឿងឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ ត្រូវម៉ូតូមួយគ្រឿងបុកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងប្រុសស្រី២នាក់ទៀតរងរបួសស្រាល កាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៥៦៦ កែងផ្លូវលេខ២៩១ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបាន បើករថយន្តម៉ាកRANGE ROVER ស៊េរីទំនើប មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6789 ធ្វើដំណើរតាមផ្លូវលេខ២៩១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចផ្លូវលេខ៥៦៦(ផ្លូវបំបែកជា៤) ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហា ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R-9793 ជិះដោយមនុស្សប្រុសស្រី៣នាក់ ក្នុងទិសដៅពីលិចទៅកើតល្បឿនយ៉ាងលឿនហើយ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំទ្វារថយន្តខាងឆ្វេងផ្នែកខាងក្រោយ ពេញទំហឹង បណ្តាលឲ្យម៉ូតូដួលនិងធ្វើឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកប្រុសស្រី២នាក់ទៀតជិះពីក្រោយរងរបួសស្រាល។ រីឯរថយន្តបានខូចខាតទ្វាខាងក្រោយផ្នែកខាងឆ្វេងបន្តិចបន្តួច ចំណេកម៉ូតូខូចខាតផ្នែកខាងមុខទៅលែងរួច។

ក្រោយកើតហេតុនគរបាលប៉ុស្តិ៍បឹងកក់២បានចុះទៅដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ពេលនោះជជែកគ្នាមិនដឹងខាងណាសងខាងណា ធ្វើឲ្យម្ចាស់ម្ចាស់រថយន្តហួសចិត្តបានឡើងបើករថយន្តបន្តដំណើទៅមុខបាត់។ ចំណែកខាងម៉ូតូរងគ្រោះត្រូវដឹកតាមរ៉ឺម៉កម៉ូតូជាមួយបុរសដែលរងរបួសធ្ងន់ទៅព្យាបាលនៅមន្ទីរពេទ្យដោយខ្លួនឯងបាត់ទៅ ៕ ប្រាថ្នា


ចែករំលែក៖