ភ្នំពេញ: រថយន្តមួយគ្រឿងបានបែកកញ្ចក់ខាងមុខ បន្ទាប់ពីបុរសម្នាក់ បើកម៉ូតូលឿន ខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចំផ្នែកកង់ខាងមុខផ្នែកខាងស្តាំ បណ្តាលឲ្យដួលរងរបួសធ្ងន់អ្នកបើកម៉ូតូ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសមិនស្គាល់ឈ្មោះម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BJ-1088 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦១៤ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះពេលមកដល់ចំណុចផ្លូវ២៨៧ បុរសនេះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6992 បើករបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត ក្នុងទិសដៅពីជើងទៅត្បូងយ៉ាង ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកផ្ទប់នឹងកញ្ចក់រថយន្តខាងមុខបែកប្រេះស្រាំ ហើតរងរបួសធ្ងន់ ខ្លួនឯងត្រូវបានរថយន្តសាមុយដឹកយកទៅគ្លីនិកឯកជនសង្រ្គោះភ្លាមៗ។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នាត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ពេលក្រោយ ៕ ប្រាថ្នា