ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាធិការបើកកញ្ចប់គ្រឿងញៀន ដែលបានបង្ក្រាបដកហូតពីក្រុមជនសង្ស័យកាលពីកន្លងទៅចំនួន៣ទីតាំង។
សមាសភាពចូលរួមមានលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង គ្រឿងញៀន លោក មាស ភារិទ្ធិ អគ្គលេខាធិការអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃ និងលោកស្រី ឈឹម សិទប៉ុណ្ណារិទិ្ធ អគ្គលេខាធិការរងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១/ ឈ្មោះ សូភី សុំម៉ាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបោះពុម្ពធៀបការ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ និងទី២/ ឈ្មោះ សូគី ថនថៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជុសជុលទូរស័ព្ទ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ជនសង្ស័យ២នាក់ខាងលើនេះជាអ្នកជួញដូរគ្រឿងញៀនខុសច្បាប់ ដែលបានរក្សាទុកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ដែលសមត្ថកិច្ចបានដកហូតចំនួន៨កញ្ចប់ធំទម្ងន់(៧៩៧១,៩៣គីឡូក្រាម)។
ជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបន្តថា ក្រោយពីជនសង្ស័យ២នាក់ខាងលើនេះរួច កម្លាំង ជំនាញបានបន្តទៅចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហៀក ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៣០បេ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្នុងករណីជួញដូរគ្រឿងញៀន។ ជនសង្ស័យ៣នាក់ខាងលើនេះ ស្ថិតក្រោមការសាកសួរបន្តនិងឃុំខ្លួនជាបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
គួរបញ្ជាក់ថា លទ្ធផលក្នុងការអនុវត្តន៍ច្បាប់គ្រឿងញៀនពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សរុបមាន៥៨៥៨ករណី ក្នុងនោះឃាត់មនុស្ស១២៩៦៣នាក់ ស្រី១២១៩នាក់៕ តាឡឹម