ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចដោះលែងឱ្យមានសេរីភាពវិញហើយ រីឯជនសង្ស័យ៣នាក់ទៀត ត្រូវបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ករណីជួញដូរគ្រឿងញៀនជាង៨គីឡូក្រាម។
លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ នាយការិយាល័យ “ក៩ “ធ្លាប់ថ្លែងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នេះ ធ្វើឡើងកាលពី ថ្ងៃទី០៩ ខែកញ្ញា នៅចំណុចផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់។
នាយការិយាល័យរូបនេះបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះ ហៀក ដារ៉ា អាយុ៥៣ឆ្នាំ អ្នករៀបចំនៅភ្នំពេញ ការទំនាក់ទំនងលក់គ្រឿងញៀន ទី២ ឈ្មោះ សូគី ថនថៃ អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល លូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកកាន់គ្រឿងញៀនមកឱ្យ ទី៣ ឈ្មោះ ស៊ុម ម៉ៃ អាយុ២៧ឆ្នាំ អ្នកកាន់គ្រឿងញៀនមកឱ្យ និងទី៤ ឈ្មោះ សែន ឫទ្ធី អាយុ៣៩ឆ្នាំ។
ប្រភពព័ត៌មាន បញ្ជាក់ថា ប៉ុន្តែក្រោយមកឈ្មោះ សែន ឫទ្ធីត្រូវសមត្ថកិច្ចដោះលែងវិញ។
លោកវរសេនីយ៍ឯក យិន បញ្ញារិទ្ធ បន្ថែមថា ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៤នាក់នេះ កម្លាំងជំនាញបន្តទៅឆែកផ្ទះរបស់ឈ្មោះ ហៀក ដារ៉ា នៅផ្ទះលេខ៣០ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ជាលទ្ធផល រកឃើញសារធាតុញៀនចំនួន២កញ្ចប់តូចទម្ងន់ ប្រហែល២០០ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនមួយនិងហៅប្រពន្ធ ឈ្មោះ ស៊ឹម សេងឡៃ អាយុ៤២ឆ្នាំ ដើម្បីសាកសួរបន្តរួចដោះលែងវិញ៕ចេស្តា