ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវជាកូន ប្រសានិងជាប្ដីបានដកកាំភ្លើងខ្លីម៉ាកប៉េ អាកុលមកភ្ជង់បម្រុងបាញ់សម្លាប់ម្ដាយ ក្មេកនិងប្រពន្ធតែសំណាងមិនល្អគ្រាប់មិនផ្ទុះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល រដ្ឋជួយចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាប់ដាក់ ខ្នោះភ្លាមៗ ។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៣ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ ។
ជនសង្ស័យដែលដកកាំភ្លើងខ្លីបាញ់ម្ដាយក្មេកនិងប្រពន្ធរបស់ខ្លួនឯងមិនបានសម្រេចឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខ របរកម្មករ រោងចក្រនៅក្រុងតាខ្មៅ ស្នាក់នៅបន្ទប់ ជួលលេខ១ ក្នុងភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនរង គ្រោះដែលជាម្តាយក្មេកឈ្មោះ គឹម វណ្ណ: អាយុ៥៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកន្លែង កើតហេតុ។ រីឯប្រពន្ធមានឈ្មោះ សុិម ចន្ទីរីដា អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោង ចក្រ រស់នៅម្ដុំបឹងទំពុន ខណ្ឌមានជ័យ ស្នាក់នៅជាមួយម្ដាយកន្លែងកើតហេតុ ខាងលើ ។
បើតាមសម្ដីម្តាយក្មេកនិងប្រពន្ធរបស់ជនសង្ស័យខាងលើបានប្រាប់ឲ្យដឹងថា ជន សង្ស័យរូបនេះជាមនុស្សប្រចណ្ឌប្រពន្ធ និងរឿងទាមទារលុយកាក់។ មួយរយ:ពេល មុនកើតហេតុជនសង្ស័យធ្លាប់ប្រើហិង្សាទៅលើប្រពន្ធបណ្ដាលឲ្យមានរបួសស្នាម និងធ្លាប់ចូលប៉ុស្ដិ៍នគរបាលធ្វើកិច្ចសន្យា២ដងរួចមកហើយដែរ។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែជនសង្ស័យយកកាំភ្លើងខ្លី មកបាញ់រូបគាត់តែសំណាងល្អបាញ់មិនចេញគ្រាប់ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះទៅដាក់ខ្នោះជនសង្ស័យយកមកប៉ុស្ដិ៍ នគរបាលបឹងទំពុនដើម្បីសាកសួរតែម្ដង។
បើតាមសម្ដីជនសង្ស័យខាងលើវិញ បានសារភាពឲ្យដឹងថា រូបគេបានទៅទិញ កាំភ្លើងម៉ាកប៉េអាកុលមានគ្រាប់ក្នុងបង់ ចំនួន៨គ្រាប់ពីប្រទេសថៃក្នុងតម្លៃ៦០០ ដុល្លារ ជាយូរមកហើយដើម្បីទុកសម្រាប់បាញ់សម្លាប់ម្ដាយក្មេកនិងប្រពន្ធរបស់ខ្លួន ព្រោះតែមានចិត្តខឹងបំផ្លាញទ្រព្យសម្បត្តិ របស់ខ្លួន ព្រមទាំងខឹងម្ដាយក្មេកបំបែក បំបាក់ប្រពន្ធរបស់ខ្លួននិងខឹងប្រពន្ធលួចមានប្រុសថ្មី ។
ក្រោយកើតហេតុជនរងគ្រោះទាំង២ នាក់ម្ដាយនិងកូនបានទៅដាក់ពាក្យបណ្ដឹង ជនសង្ស័យខាងលើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនដើម្បីឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុនដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ភារ៉ា ដង្កោ