ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វាយខ្នោះជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន៥កញ្ចប់តូច ខណៈរូបគេកំពុងតែឈរហើយបំរុងរត់ពីសមត្ថកិច្ចកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១មានឈ្មោះ ជុំ សុភា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១៦ ផ្លូវនរោត្តម ភូមិ១៦ សង្កាត់ទន្លេបាសាក់ មុខរបររត់ម៉ូតូឌុប។ ជនសង្ស័យទី២ឈ្មោះ ចេង ចាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅផ្ទះលេខ២១សេ ផ្លូវ២១ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរសិស្ស។ ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតបាន ក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៥កញ្ចប់តូច ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមានឡើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ២នាក់ខាងលើកំពុងឈរ លុះពេលកម្លាំងសមត្ថកិច្ចជិះម៉ូតូជិតដល់ បានហៅឃាត់សួរនាំ ហើយត្រូវសមត្ថកិច្ចឃាត់បាន ក៏ឆែកឆេរនៅលើដងខ្លួន រកឃើញនីហោប៉ៅខាងស្តាំចំនួន៥កញ្ចប់ថង់តូច។
ក្រោយមកកម្លាំងបានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងនាំមកកាន់ផ្នែកជំនាញដើម្បីសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកសាកសួរ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីបន្តអនុវត្តតាមនីតិវិធី៕ ស រស្មី