ខេត្តកណ្ដាល៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតបញ្ចប់ជីវិតរបស់ខ្លួន ព្រោះខឹងប្រពន្ធចាកចេញពីផ្ទះ១០ថ្ងៃដោយពុំឃើញវិលត្រឡប់មកផ្ទះវិញ ។
ករណីចងកធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួលរបស់ជនសង្ស័យ បន្ទប់លេខBO-01 ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុឹង សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមើលការខុសត្រូវផ្ទះជួល មានទីលំនៅសង្កាត់វត្តភ្នំ ខណ្ឌ័ដូនពេញ រាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ តុង វួចនា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានស្រុកកំណើតភូមិតាមល់ ឃុំព្រែកដំបូក ស្រុកស្រីសន្ឋរ ខេត្តកំពង់ចាម និងមានកូនក្នុងបន្ទុក២នាក់ ។
ប្រភពដដែលបន្តថា តាមកាបំភ្លឺរបស់បងស្រីជនរងគ្រោះឈ្មោះ អុឹង ផល្លីន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្របានឲ្យដឹងថា កន្លងមកជនរងគ្រោះបានឈ្លោះ
ជាមួយប្រពន្ធរបស់ខ្លួនជាញឹកញាប់ជាច្រើនលើកច្រើនសារ ។ ចំណែកឯប្រពន្ធវិញព្រោះតែប្តីរបស់ខ្លួនពូកែរករឿងនិងឈ្លោះទាស់ទែងពេក ក៏សម្រេចចិត្តចាកចោលពីប្តី(ជនរងគ្រោះ)មួយរយះ ដោយទៅខេត្តក្រចេះ រហូតមកឥលូវគឺអស់រយះពេល១០ថ្ងៃមកហើយនិងបានយកកូនប្រុសទី២ទៅជាមួយផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ដោយប្រពន្ធរបស់ជនរងគ្រោះចាកចេញពីខ្លួន១០ថ្ងៃហើយ មិនឃើញត្រឡប់មកវិញ ក៏មានការខឹងតូចចិត្តយ៉ាងខ្លាំង រួចក៏បានបបួលមិត្តភក្តិរបស់ខ្លួននាំគ្នាទិញស្រាផឹកស៊ីតាំងពីម៉ោង១៩ល្ងាចរហូតដល់ម៉ោង២៣យប់ ទើបបំបែកគ្នាចូលដេករៀងៗខ្លួន ។
លុះរហូតមកដល់វេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៣ ខែឆ្នាំដដែល ស្រាប់តែបងស្រីជនរងគ្រោះបានឮសម្លែងក្មួយរបស់ខ្លួន(កូនជនរងគ្រោះ)យំថា ប៉ារបស់ខ្ញុំចងកស្លាប់ហើយ ភ្លាមនោះបងស្រីបង្កើតរបស់ជនរងគ្រោះក៏រត់មកមើលក្នុងបន្ទប់ ស្រាប់តែឃើញប្អូនរបស់ខ្លួនចងកស្លាប់ទៅហើយ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចនគរបាលបានចុះមកធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកដោយខ្លួនឯងប្រាកដមែន ។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស