ខេត្តសៀមរាប៖ ស្ត្រីជនជាតិបរទេសម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួននាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចំណាត់ការទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីរក្សាទុកនិងដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាននៅចំណុចអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងការចុះបង្រ្កាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី៍ អ៊ុំ អមរា ស្នងការរងនគរបាលខេត្តទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យ (ក១) របស់មន្ទីប្រឆាំងគ្រឿងញៀន កម្លាំងគយនិងរដ្ឋាករ និង កម្លាំងអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាប។
តាមប្រភពពីមន្ត្រីគ្រឿងញៀនខេត្ត បានប្រាប់ថា ជនសង្ស័យមានឈ្មោះFLORES GONZAILZ YOSREILYS KATERINE ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ វេណេហ្សូអេឡា VANEZUELA មានមុខរបរ ជាគណនេយ្យ កាន់លិខិតឆ្លងដែនលេខ 116131197 មានទីលំនៅទីក្រុងការាកាស ប្រទេសវេណេហ្សូអេឡា ពាក់ព័ន្ធនឹងករណីរក្សាទុកនិងដឹកជញ្ជូន ប៉ុន្តែ គ្មានសារធាតុញៀនក្នុងខ្លួន ដោយកម្លាំងយើងដកហូតវត្ថុតាងបានម្សៅកូកាអ៊ីន ចំនួន១០៤ដុំ ស្មើទំងន់១០៤៧,២២ក្រាម ទូរស័ព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែនចំនួន១ក្បាល ដោយស្រ្ដីនេះលាក់ទុកនៅក្នុងខ្លួន មកពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai និងBangkok តាមជើងយន្តហោះលេខ PG 913 ចុះចត នៅអាកាសយានដ្ឋានអន្តជាតិសៀមរាប សមត្ថកិច្ចជំនាញយើងបានចាប់ខ្លួនជនសង្ស័យនោះស្ថិតនៅចំណុចអ្នកដំណើរមកដល់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
បច្ចុប្បន្ន ស្ត្រី បរទេស ជាជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តសៀមរាប នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ប៊ុន រិទ្ធី