ខេត្តកំពង់ធំ៖ យុវនារី៣នាក់ទើបតែប្រឡងជាប់បាក់ឌុបថ្មីៗ ហើយជិះម៉ូតូឌុបគ្នា៣នាក់ចេញពីផ្ទះទៅដាក់ប្រឡងធ្វើគ្រូបង្រៀន នៅខេត្តកំពង់ធំពេលដាក់ពាក្យរួចរាល់បានឌុបគ្នាត្រឡប់មកផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវរថយន្តសាំងយ៉ុងបុកស្លាប់២នាក់ និងរបួសស្រាលម្នាក់ នៅវេលាម៉ោង១និង០៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវនារី៣នាក់ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅឌុបគ្នា ពីជើងទៅត្បូង ខណៈនោះមានបុរសចំណាស់ម្នាក់ក៏ជិះម៉ូតូសង់កូរ៉េចេញពីជើងទៅត្បូងក្នុងទិសដៅស្របគ្នាលុះដល់ចំណុចកើតហេតុបុរសចំណាស់នោះបានជិះវ៉ាម៉ូតូយុវនារីទាំង៣ ស្រាប់តែទាក់ដៃចង្កូតខាងស្ដាំប្រទាញ់ចម្ងាយ ៤០ម៉ែត្រ ដូចច្រានយុវនារីទាំង៣នាក់ឲ្យទៅកណ្តាលថ្នល់បណ្ដាលឲ្យរថយន្តសាំងយ៉ុងពណ៌ខៀវបើកបុកក្នុងល្បឿនលឿនពីជើងទៅត្បូងជាន់ហ្វ្រាំងមិនជាប់ក៏បុកពេញទំហឹងបណ្តាលឲ្យយុវនារី២នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសស្រាល ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក បារាយណ៍សន្ទុក។
ចំណែករថយន្តសាំងយ៉ុង និងអ្នកជិះម៉ូតូសង់កូរ៉េ បានព្យាយាមជិះរត់គេចបាត់ស្រមោលបន្សល់ទុកអ្នកស្លាប់និងរបួសនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពយុវនារីរងគ្រោះទី១ ឈ្មោះស្រ៊ុន ពិពណ៍ អាយុ១៩ឆ្នាំ, ទី២ឈ្មោះ ស៊ុន ម៉េងស្រឺ អាយុ១៥ឆ្នាំ ចំណែកអ្នករបួសស្រាលឈ្មោះ លូន ស្រីលាភ អាយុ១៨ឆ្នាំ ទាំង៣នាក់ រស់នៅភូមិ ថ្មរសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុ ស្រាវជ្រាវ រកជនបង្ក ឲ្យចូលខ្លួន មកដោះស្រាយ ទៅតាមច្បាប់៕ ប៊ុន រិទ្ធី

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច