ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាក ម៉ាស័រដេស បើកទៅពន្លះបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីផឹកសុីស្រវឹង ហើយបើករថយន្តស៊េរីទំនើបម៉ាស័រដេស ទៅបុកបង្គោលភ្លើងមួយដើមជិតបាក់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងនៅវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចជាប់ និងប៉ុស្ដិ៍នគរបាលព្រែកប្រា តាមបណ្ដោយផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញ រថយន្តមួយគ្រឿងម៉ាក ម៉ាស័រដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-0988 ដែលបើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងសា បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ៣៦៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតខាងលើ ក៏បានរេចង្កូតទៅបុកនិងបង្គោលភ្លើងពេញមួយទំហឹងតែម្ដង បណ្ដាលឲ្យបង្គោលភ្លើងជិតបាក់ចេញពីគ្នា រីឯរថយន្តបង្កបានរងការខូចខាតខាងមុខយ៉ាងដំណំ ហើយសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកប្រា បានចេញមកឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុយកទៅទុកនៅក្នុងប៉ុស្ដិ៍ រងចាំប្រគល់ឲ្យទៅកម្លាំងជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះមកវាស់វែងរថយន្តបង្ក និងប្រគល់អ្នកបើកបរយកទៅជាមួយ ដើម្បីដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖