ព័ត៌មានទាន់ហេតុការណ៍៖

ករណីសម្លាប់ស្រ្តីម្នាក់ច្រកការ៉ុងយកមកទម្លាក់ចោលនៅស្រុកកំពង់ត្រឡាច សមត្ថកិច្ចឃាត់បុរសម្នាក់ជាអ្នករត់តាក់ស៊ី

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង តាកែវ និង កំពត បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងភោជនីដ្ឋានមួយក្នុងខេត្តកំពត កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនិងករណីសពស្ត្រីម្នាក់ដែលគេសម្លាប់ច្រកក្នុងការ៉ុងយកមកទម្លាក់ចោលនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

ជនសង្ស័យត្រូវបាននាំមកដល់ស្នងការដ្ឋានខេត្តកំពង់ឆ្នាំងនៅវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

តាមប្រភពមួយបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួននោះ មានឈ្មោះប៉ាត ចន្ទវត្ថា អាយុ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានមុខរបស់អ្នករត់តាក់ស៊ី និងមានកាន់កាតកាសែតមជ្ឍមណ្ឌលឆាយាអង្គរ។ រហូតមដលដល់នឹងព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យពុំបានសារភាព ក្នុងការណីពាក់ព័ន្ធនឹងការសម្លាប់ជនរងគ្រោះនៅឡើយនោះទេ ។

ពាក់ព័ន្ធនឹងករណីនេះត្រូវបានប្រភពមួយបានបង្ហើបឲ្យដឹងថា ការស្លាប់ខ្លួនរបស់ស្រ្តីជនរងគ្រោះ ឈ្មោះ ទិត លីនដានេះ គឺដំបូងឡើយស្រ្តីរងគ្រោះ បានធ្លាប់ជិះរថយន្តតាក់ស៊ីរបស់ បុរសជនសង្ស័យ និង បាននិយាយអំពីប្តីរបស់ខ្លួនបានជាប់គុកពាក់ព័ន្ធនឹងករណីគ្រឿងញៀន ហើយកំពុងរត់ការដោះលែងប្តីរបស់នាងចេញពីគុក ។ នៅពេលនោះ បុរសជនសង្ស័យនេះបានប្រាប់ថា រូបគេធានារត់ការដោះលែងប្តីរបស់ជនរងគ្រោះចេញពីពន្ធនាគារ ។

ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ស្រ្តីរងគ្រោះនិង បុរសជនសង្ស័យ និយាយត្រូវរ៉ូវគ្នាហើយ បុរសជនសង្ស័យបានទារលុយពីស្រ្តីរងគ្រោះចំនួន៣០០ដុល្លារ ដើម្បីបើករឿងក្តីនេះ ។ បន្ទាប់មកទៀត ជនសង្ស័យបានទារលុយចំនួន៣០០០ដុល្លារបន្ថែមទៀតដើម្បីរង់ការដោះលែងពីពន្ធនាគារ ។

ក្រោយមកទៀត ជនសង្ស័យបានយកលុយចំនួន៦០០ដុល្លារបន្ថែមទៀត បន្ទាប់ពីជនសង្ស័យប្រមូលលុយបានប្រមាណជិត៤០០០ដុល្លារនោះ ប្តីរបស់ស្ត្រីរងគ្រោះមិនអាចរួចពីពន្ធនាគារនោះ ហើយមានសង្ស័យថា ជាករណីចាញ់បោកគេនៅថ្ងៃទី១ ខែកញ្ញា ស្រ្តីរងគ្រោះ បានទូរស័ព្ទទាក់ទងបុរសជនសង្ស័យ ដែលជាអ្នករត់តាក់ស៊ី ដើម្បីទារលុយវិញ រហូតដល់មានទំនាស់គ្នាជាមួយជនសង្ស័យតាមទូរស័ព្ទ បន្ទាប់ពីជជែកគ្នាតឹងសរសៃក តាមទូរស័ព្ទមកជនសង្ស័យបានសន្យាសងប្រាក់វិញចំនួន៣០០០ដុល្លារ ។ លុះដល់ថ្ងៃទី២ ខែកញ្ញា ស្រ្តីរងគ្រោះបានចេញពីផ្ទះជួលថាមកនៅខេត្តកណ្តាល ប៉ុន្តែតាំងពីថ្ងៃនោះមកបាត់ឈឹង រហូតដល់ថ្ងៃទី៣ កញ្ញា ទើបគេប្រទះឃើញសាកសពស្រ្តីរងគ្រោះត្រូវបានគេសម្លាប់ច្រកក្នុងការ៉ុងយកមកទម្លាក់ចោលនៅជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចនៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមានការភ្ញាក់ផ្អើលឡើង ។

រហូតមដល់ពេលនេះ សមត្ថកិច្ចនៅមិនអាចបញ្ជាក់យ៉ាងណានោះទេ ដោយកំពុងបន្តនីតិវិធីនៃការស៊ើបអង្កេត រកអ្នកពាក់ព័ន្ធក្នុងករណីឃាតកម្មនេះ៕ ចន្ថា


ចែករំលែក៖