ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់លួចលុយក្រុមហ៊ុនជាង៤ម៉ឺនដុល្លារទៅលេងល្បែងចាញ់អស់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាប្រធានគ្រប់គ្រងដេប៉ូចែកចាយស្រាបៀរអង្គរផ្តាច់មុខនៅរាជធានីភ្នំពេញ ត្រូវបានប្រធានផ្នែកលក់ដូចគ្នាចាប់ខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរ ក្រោយពីជនសង្ស័យខាងលើ បានលួចយកលុយរបស់ក្រុមហ៊ុនចំនួន (៤ម៉ឺន ៤ពាន់ ៥២ដុល្លារ ៧០សេន) ទៅលេងល្បែងចាញ់អស់គ្មានសល់រួចព្យាយាមរត់គេចខ្លួន។

ហេតុការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ២ ផ្លូវ៤៨៤ កែង៩៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើកតាមសម្ដីពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ អ៉ឹង ធាយលាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាប្រធានផ្នែកលក់នៅដេប៉ូចែកចាយស្រាបៀរអង្គរផ្តាច់មុខរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ១២៦ ផ្លូវលេខ១០ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយលុយដែលជនសង្ស័យលួចយកទៅលេងល្បែងនោះមានចំនួន (៤ម៉ឺន ៤ពាន់ ៥២ដុល្លារ ៧០សេន) ។

ចំណែកជនរងគ្រោះមានឈ្មោះ ភាវ ផាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាប្រធានគ្រប់គ្រងដេប៉ូចែកចាយស្រាបៀរអង្គរផ្តាច់មុខរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ១០៦ ផ្លូវ៤៥០ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពបន្តបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ដេប៉ូចែកចាយស្រាបៀរអង្គរផ្តាច់មុខរាជធានីភ្នំពេញ ដែលមានទីតាំងនៅកន្លែងកើតហេតុខាងលើ បានទទួលជនសង្ស័យឲ្យចូលបម្រើការងារ ដោយផ្តល់តួនាទីឲ្យជាប្រធានផ្នែកលក់ បានប្រាក់ខែចំនួន២៣០ដុល្លារក្នុង១ខែ មានភារកិច្ចយកកេសស្របៀរពីដេប៉ូ ទៅលក់ចែកចាយឲ្យអតិថិជន រួចទូទាត់លុយពីអតិថិជនបង្វិលចូលក្រុមហ៊ុនវិញ។ ប៉ុន្តែពេលទូទាត់លុយពីអតិថិជន ជនសង្ស័យមិនបានយកលុយទាំងនោះមកទូទាត់បង្វិលចូលក្រុមហ៊ុនវិញនោះទេ ដោយបានយកលុយទាំងនេះទៅស៊ីចាយ និងលេងល្បែងស៊ីសងចាញ់អស់ សរុបជាទឹកប្រាក់ (៤ម៉ឺន ៤ពាន់ ៥២ដុល្លារ ៧០សេន)។

ទើបនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ខាងដេប៉ូបានត្រួតពិនិត្យបញ្ជីនិងស្តុក ទើបដឹងរឿងហេតុខាងើ ក៏ហៅជនសង្ស័យមកសួរនាំ តែជនសង្ស័យបានឈប់មកធ្វើការ ហើយគេចខ្លួន។ លុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥និង៣០នាទី ល្ងាច ក៏ត្រូវខាងដេប៉ូ រកឃើញជនសង្ស័យនៅម្តុំបឹងត្របែកក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បញ្ជូនខ្លួនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងចាត់វិធានការតាមផ្លូវច្បាប់៕ ស រស្មី


ចែករំលែក៖