ខេត្តពោធិ៍សាត់៖ បុរសជាជនសង្ស័យលួចក្បាលម៉ាស៊ីនគោយន្តម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្ទះព្រៃ ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន ព្រមទាំងដកហូតវត្ថុតាងរួចនាំខ្លួនមកសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មានករណីចោរលួចក្បាលម៉ាស៊ីនគោយន្ត ពេលដែលម្ចាស់
ដឹកបន្លែមកលក់ហើយទុកចោលនៅរបងខាងលិចវត្តពាលញែក ត្រូវបានចោរលួចនៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧
ហើយត្រូវកម្លាំងប៉ុស្តិ៍ផ្ទះព្រៃស្រាវជ្រាវឃាត់បាន ក្រោមការចង្អុលបង្ហាញពីលោកអធិការនគរបាលក្រុងពោធិ៍សាត់ និងបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដើម្បីដកហូតវត្ថុតាង ដែលជនសង្ស័យយកទៅលក់នៅទីនោះផងដែរ៕ ប៉ឹម ពិន