ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ គណៈប្រតិភូខណ្ឌចំនួន៣រួមមាន៖ ខណ្ឌជ្រោយចង្វា ដឹកនាំដោយ លោក ឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌ និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌ, ខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌ និងខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភដល់បងប្អូនកងទ័ពនៅសមរភូមិមុខ និងគ្រួសារកងទ័ពនៃវរៈសេនាតូចលេខ៣៩១ ដែលជាវរៈសម្ព័ន្ធមេត្រីភាពជាមួយខណ្ឌទាំង៣ ស្ថិតនៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តំណាងឱ្យគណៈប្រតិភូរបស់ខណ្ឌទាំង៣ លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌជ្រោយចង្វា នាឱកាសនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេពីចម្ងាយជូនចំពោះបងប្អូនកងទ័ព ដែលលោកតែងតែយកចិត្តទុកដាក់គិតគូដល់បងប្អូនជានិច្ច មិនតែប៉ុណ្ណោះ លោកតែងតែដាស់តឿនដល់មន្ត្រីនៅសមរភូមិក្រោយ ត្រូវខិតខំកៀរគររកជំនួយគ្រប់បែបយ៉ាងទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីឧបត្ថម្ភជូនដល់កងទ័ពនិងគ្រួសារទ័ព ដើម្បីរួមចំណែកក្នុងស្មារតីសេ្នហាជាតិ តាមពាក្យស្លោក “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ”។
លោក ឃ្លាំង ហួត បានបន្តថា ចំពោះលោកផ្ទាល់ និងគណៈប្រតិភូទាំងអស់នៅសមរភូមិក្រោយ សូមកោតសរសើរយ៉ាងខ្លាំងដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់បងៗកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់មិនគិតពីអាយុជីវិត ដើម្បីបុព្វហេតុការពារប្រជាជន ការពារប្រទេសជាតិ ការពារអធិបតេយ្យភាព ការពារបូរណភាពទឹកដី មិនឱ្យសត្រូវណាមករំលោភបំពានទឹកដីដ៏បវរនៃសូម្បីតែមួយមីលីម៉ែត្រឡើយ។
លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីចែកអំណោយនៅទីនោះរួច គណៈប្រតិភូខណ្ឌទាំង៣នឹងបន្តធ្វើដំណើរទៅសម្រាកនៅខេត្តស្ទឹងត្រែងទាំងយប់ លុះព្រឹកឡើងនឹងចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈ រួមនឹងថវិកាមួយចំនួនឧបត្ថម្ភដល់បងប្អូនកងទ័ពសមរភូមិមុខ ដែលឈរជើងនៅព្រំដែនកម្ពុជា-ឡាវ ចំណុចអូរតាង៉ាវ ស្រុកសៀមប៉ាង។
គួរបញ្ជាក់ផងដែរថា កងទ័ពនៃវរៈសេនាតូចលេខ៣៩១ត្រូវបានបែងចែកកម្លាំងឈរជើងជា២គោលដៅសំខាន់ៗ រួមមាន ការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ទិសព្រះវិហារ និងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ចំណុចអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
អំណោយដែលគណៈប្រតិភូខណ្ឌទាំង៣នាំយកទៅឧបត្ថម្ភដល់បងប្អូនកងទ័ព និងគ្រួសារទ័ព ទិសដៅខេត្តព្រះវិហារ ចំនួន ១៥២គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន៖ អង្ករ២៥គ.ក្រ, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខកំប៉ុង១០កំប៉ុង, ប្រេងឆា០២ដប, ប៊ីចេង០២កញ្ចប់, សារុង១, ក្រមា១ និងថវិកា ១០ម៉ឺនរៀល និង ឧបត្ថម្ភអង្គភាពវរៈ៣៩១ = ៣លានរៀល,ឧបត្ថម្ភប្រធានវរៈ ១នាក់ = ៣០ម៉ឺនរៀល,
ឧបត្ថម្ភអនុប្រធានវរៈ ៦នាក់ ក្នងម្នាក់ ២០ម៉ឺនរៀល,ឧបត្ថម្ភប្រធាន “គ” ៤នាក់ ក្នងម្នាក់ ១៥ម៉ឺនរៀល, ឧបត្ថម្ភប្រធាន “ខ” ចំណុះវរៈ ៣នាក់ ក្នងម្នាក់ ១០ម៉ឺនរៀល, ឧបត្ថម្ភលោកមេភូមិ ២០ម៉ឺនរៀល អនុប្រធានភូមិ ១០ម៉ឺនរៀល និងសមាជិកភូមិ ១០ម៉ឺនរៀល សរុបថវិកា ៥៩,៣៧៧,៦០០ រៀល។
ជាមួយគ្នានោះប្រតិភូខណ្ឌ៣ក៏បានសន្យាផ្តល់ជូននូវស្រះទឹកចំនួន០១ ទំហំ២០ម៉ែត្រx៣០ម៉ែត្រ ឆ្លើយតបភ្លាមៗតាមការសំណូមពររបស់កងទ័ពផងដែរ៕ សុខ ខេមរា