ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទៅលើចៅសង្កាត់រងស្ពានថ្ម តែសំណាងល្អមិនមានរបួសស្នាម ខណៈរូបគាត់បើលរថយន្តកាមរីឆ្លាមឆ្លងផ្លូវត្រូវរថយន្តដឹកដីធន់ធំបើកបុកពីចំហៀងរងការខូចខាត ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខផ្សារសារឿនយ៉ាន្នី តាមបណ្ដោយផ្លូវ២១៧ (ហៅផ្លូវចំការដូង ) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តរងគ្រោះម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2C-9779 មានឈ្មោះ តាម៉ណ អាយុប្រហែល៥០ជាង មានមុខងារជាចៅសង្កាត់រង ស្ពានថ្ម ក្នុងខណ្ឌដង្កោ ។ ចំណែកភាគីខាងរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-7496 មានឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅម្ដុំវត្តអន្លង់ម្លូ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញរថយន្តកាមរីឆ្លាម ដែលជារថយន្តរងគ្រោះបានបើកចេញពីផ្សារសារឿនយ៉ាន្នី ទិសដៅពីលិចទៅកើត ដោយបានបើកឆ្លងផ្លូវ២១៧ បំរុងបត់ឆ្វេង ខណៈបើកបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានរថយន្តហុីយ៉ាន់ដាយមួយគ្រឿង ដែលបានដឹកដីឡើងពេញ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម និងចាំហ្វាំងមិនសុី ក៏បានជ្រុលទៅបុករថយន្តកាមរីឆ្លាមចំពីហៀងខាងឆ្វេង បណ្ដាលឲ្យរងការខូចខាត តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទៀត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយបានគូសវាស់វែងយករថយន្តទាំង២ចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យមានការកក់ស្ទះចរាចរណ៍ រួមទាំងឲ្យភាគីទាំង២ចរចាគ្នាតាមជាបឯម ។ ជាចុងក្រោយ ភាគីខាងរថយន្តហុីយ៉ាន់ដាយ បានចេញថ្លៃខូចខាតទាំងអស់ទៅលើភាគីរថយន្តកាមរីឆ្លាមដែលជាចៅសង្កាត់រងស្ពានថ្ម ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ៕ដោយ៖ ភារ៉ា ដង្កោ