ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួសធ្ងន់៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើក នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស៧នាក់បានស្លាប់ និងរងរបួសធ្ងន់ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកផ្សេងៗគ្នា នៅខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០ព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ឈ្មោះ សុខ សុភិន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង បានធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏ខ្មៅ គ្មានស្លាកលេខ បានធ្វើចរាចរណ៍់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលអ្នកស្មើរជើងចំនួន ២នាក់ បណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន ៣នាក់ស្រីម្នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកវត្ថុតាងម៉ូតូយកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកវាលវែង រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធី។

ចំណែកផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានឯនេះវិញ ក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៥ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨.១៩៩ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកផងដែរ ដោយបង្កឡើងដោយបុរសម្នាក់(គេចខ្លួន)បានបើកបររថយន្តម៉ាក តូយូតា ចង្កូតឆ្វេង ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X 4146 បានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូម្នាក់ ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ គ្មានស្លាកលេខ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យបុរសបើកបរម៉ូតូឈ្មោះ អឹុម ណុយ អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិបាក់ព្រីង ឃុំស្នាមព្រះស្រុកបាកាន(ធ្ងន់បាក់ជើង) និងកូនស្រីឈ្មោះ ដា ណេ អាយុ ៥ឆ្នាំ(ស្លាប់) ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ចំណែកកូនរងគ្រោះ(ស្លាប់)បានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី វត្ថុតាងរថយន្ត និងម៉ូតូប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោកបន្តនីតិវិធី។

ប្រភពព័ត៌មានពីការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោង៦ និង៣៥នាទីព្រលប់ ថ្ងៃទី១៥ដដែលដែរនោះ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ១០១ ត្រង់ចំណុចទល់មុខស្ថានីប្រេងឥន្ទនៈតេលា ស្ថិតក្នុងភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្ថ្នាក់ចរាចរណ៍ផងដែរបង្កឡើងដោយបុរសម្នាក់ បានបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 3095 ឈ្មោះ សុីវ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិតាស្តី ឃុំស្វាយលួង ស្រុកកណ្ដៀង បានធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង(មិនប្រស្រាំ) លុះដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូម៉ាក ស៊ុម័រ ពណ៏លឿងលាយស ពាក់ស្លាកលេខ ពោធិសាត់ 1H 7739 បើកបរដោយឈ្មោះ លុយ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំ ភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង(ស្លាប់) ខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា អ្នករងរបួសធ្ងន់បានបញ្ជូនសង្រ្គោះនៅមនី្នរពេទ្យបង្អែកខេត្ត ចំណែកអ្នករងគ្រោះ(ស្លាប់)បានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូទាំងពីរគ្រឿងរក្សាទុកនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖