នៅដែនដីដែនជម្រកសត្វព្រៃស្រែពក គេរាយការណ៍ថា មានរោងសិប្បកម្មកែច្នៃឈើប្រណីតជាច្រើនកន្លែងដែលជាប្រភពសេដ្ឋកិច្ចដ៏រឹងមាំរបស់លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក។ រោងសិប្បកម្មតូចធំតាមប្រភេទ សុទ្ធតែត្រូវបង់ប្រាក់ប្រចាំខែជូនលោកព្រំ សុវណ្ណា បើមិនដូច្នោះ ពិតជាមិនអាចដំណើរការប្រកបអាជីវកម្មបានដោយសុខស្រួលនោះឡើយ។ ប្រភពបន្ថែមថា រោងសិប្បកម្មកែច្នៃឈើមានទ្រង់ទ្រាយតូច ឬធំទៅតាមកម្លាំងពលកម្ម។ លោកព្រំ សុវណ្ណា រាប់ចំនួនមនុស្សនៅក្នុងសិប្បកម្មយកលុយដាក់ខែតែម្តង។
គេរាយការណ៍ថា លោកព្រំ សុវណ្ណា អតីតជាមេព្រៃមានជំនាញខ្លាំងណាស់ក្នុងការប្រមូលសេដ្ឋកិច្ច ដោយមិនចែករំលែកឲ្យកូនចៅបានលិឍផងនោះទេ។ នៅពេលដែលលោកបានសមាហរណកម្មមកចូលធ្វើការនៅមន្ទីរបរិស្ថាន មនុស្សស្ទើរតែ៩០ភាគរយនៅក្នុងមន្ទីរ ជាពិសេសមន្ត្រីនៅក្រោមឱវាទក្នុងដែនជម្រកសត្វព្រៃស្រែពកមិនពេញចិត្តចំពោះលោកព្រំ សុវណ្ណានេះឡើយ។ មន្ត្រីតួចតាចម្នាក់និយាយថា គ្មានឡើយវប្បធម៌ចែករំលែកដើម្បីឲ្យកូនចៅបានរស់នោះ។ ដោយសារតែមិនចេះចែករំលែកនេះហើយទើបព័ត៌មានអំពីចំណុចអសកម្មរបស់លោកព្រំ សុវណ្ណា ចេះតែត្រូវបានបែកធ្លាយ។
ប្រភពបានបង្ហើបថា នៅមានបញ្ហាជាច្រើនទៀតដូចជាបញ្ហាយកលុយពីម៉ូតូដឹកឈើក្នុងមួយគ្រឿង៥ពាន់រៀលជាដើម។ គេថា បើសូម្បីតែលុយ៥ពាន់រៀល ក៏លោកព្រំ សុវណ្ណាយកដែរនោះ តើកូនចៅនៅក្រោមឱវាទមិនស្វិតក្រៀមក្រពះទៅហើយឬ? គេថា មេមុនៗដែលជានាយកដែនជម្រកមិនដែលយកប្រាក់ពីប្រជាពលរដ្ឋរកស៊ីដឹកឈើតាមម៉ូតូនោះទេ ។ ករណីនេះ គេមិនដឹងថា ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជ្រាបដែរឬយ៉ាងណានោះទេ? ៕