ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលក្រុងស្ទឹងត្រែងម្នាក់រងការចោទថាដេញធាក់អ្នកដឹកឈើតាមម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈ្មួញរកស៊ីដឹកឈើតាមម៉ូតូមួយក្រុមត្រូវមន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដេញតាមពីក្រោយធាក់ម៉ូតូគាត់ បណ្តាលឲ្យរេចង្កូតធ្លាក់ប្រឡាយព្រមទាំងចុះវាយបន្ថែមត្រូវជាច្រើនកន្លែង ខណៈដែល ពួកគាត់មិនបានឈប់ម៉ូតូបង់លុយឲ្យកាលវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៧ នៅលើភ្នំធាតុ ស្ថិតក្នុង ភូមិព្រែក ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងតាមពាក្យសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា រាល់ដងពេលដែលពួកគាត់ដឹកឈើមកដល់ចំណុចគល់ស្ពានមេគង្គត្រើយខាងកើត(ខាងខេត្ត) ពួកគាត់ត្រូវឈប់ម៉ូតូដើម្បីរត់ការបង់លុយឲ្យសមត្ថកិច្ច ដែលចងអង្រឹងដេកចាំយកលុយនៅទី នោះមិនដែលហ៊ានរំលងម្តងណាឡើយ។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុខាងលើនេះដោយសារតែពួកគាត់បង់លុយឲ្យសមត្ថកិច្ចច្រើនកន្លែងពេកអស់លុយបង់ឲ្យសមត្ថកិច្ចដែល ឈរជើងនៅចំណុចខាងលើនោះពួកគាត់ក៏បានបើកម៉ូតូទៅដោយមិនបានចូលបង់លុយ។ ភ្លាមៗនោះស្រាប់តែមានភ្លើងម៉ូតូ១គ្រឿងជិះចេញពីចំណុចដែលគាត់ធ្លាប់ ចូលបង់លុយដេញតាមពីក្រោយម៉ូតូរបស់ពួកគាត់។ គ្រានោះដែរពួកគាត់ក៏បានបន្ថែមល្បឿនយ៉ាងលឿនដើម្បីកុំឲ្យសមត្ថកិច្ច តាមទាន់ ។

ប៉ុន្តែលុះមកដល់ចំណុចលើភ្នំធាតុស្ថិតក្នុងភូមិព្រែកដោយសារតែម៉ូតូពួកគាត់ដឹកឈើធ្ងន់ធ្វើឲ្យម៉ូតូសមត្ថកិច្ចតាមទាន់រួចក៏ធាក់ម៉ូតូគាត់បណ្តាលឲ្យដួលធ្លាក់ចូល ប្រឡាយ។ បន្ទាប់មកក៏បានចុះវាយពួកគាត់ បន្ថែមទៀតបណ្តាលឲ្យរងរបួសស្ទើរតែ សន្លប់ក្រោយមកក៏ត្រូវបានគ្នីគ្នាដែលជិះ ម៉ូតូមកតាមក្រោយប្រទះឃើញក៏ជួយជូនទៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ។

ជនរងគ្រោះបានបន្តថា សមត្ថកិច្ចដែលជិះម៉ូតូដេញតាមវាយពួកគាត់នោះឈ្មោះ សូ ជុំ ជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង។ ជនរងគ្រោះឈ្មោះ តាំ មុខរបររកស៊ីដឹក ឈើតាមម៉ូតូ រស់នៅផ្ទះជួលមួយកន្លែង ក្នុង ភូមិព្រែក ក្រុង-ខេត្តស្ទឹងត្រែង រងរបួសត្រូវ ចំចង្កេះ និងកញ្ចឹងកខាងឆ្វេង។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯម៉ូតូនិងឈើត្រូវបានសមត្ថកិច្ចចាប់យកទៅរក្សា ទុកនៅកន្លែងដែលសមត្ថកិច្ចចងអង្រឹង ដេកចាំយកលុយខាងលើនោះផងដែរ។ ចំណែកមន្ត្រីនគរបាលឈ្មោះ សូ ជុំ មិន អាចសុំការឆ្លើយបំភ្លឺបានទេកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ៕ ហេង នរិន្ន្រ


ចែករំលែក៖