ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់ម្ចាស់គ្រាប់បែកលាក់ទុកក្រោមកែបម៉ូតូផ្ញើនៅមន្ទីរពេទ្យជោរៃ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការថ្លែងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី នៅរសៀលថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ១០១៧ បានសម្រេចចោទប្រកាន់ជនសង្ស័យជាម្ចាស់គ្រាប់បែកលាក់ក្រោមកែបម៉ូតូយកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូ នៅក្នុងមន្ទីរពេទ្យជោរៃបង្កឲ្យមានការភ្ញាក់ផ្អើលនោះ រួចបញ្ជូនជនត្រូវចោទនិងសំណុំ រឿងទៅចៅក្រមស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ។

ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ”កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត”តាមមាត្រា៤៩០នៃក្រមព្រហ្ម ទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។

ជនសង្ស័យមានឈ្មោះ ឡូ ប៉ិចដារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះ ជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងមានមុខរបរជាបុគ្គលិកក្រុមហ៊ុនអូបា។ សូមបញ្ជាក់ថាអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ថា ករណី រកឃើញគ្រាប់បែកនៅមន្ទីរពេទ្យជោរៃមិន មែនជាការដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យនោះទេ ប៉ុន្តែជាករណីកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាន នគរបាលជាតិដែលចេញផ្សាយ ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា តាមការស្រាវជ្រាវជំហានដំបូងមុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបង ថ្លៃឲ្យយកគ្រាប់បែកទៅបន្ទាយនៅខាងលិចខេត្តកំពង់ស្ពឺ ម្តុំឃុំត្រែងត្រយឹង ស្រុក កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរៃទើបម្ចាស់ម៉ូតូបានដាក់គ្រាប់បែក នៅក្នុងឃ្លុបម៉ូតូហុងដាស្គូពី ហើយ យកម៉ូតូទៅផ្ញើរួចក៏ប្រញាប់ចូលទៅមើលឪពុកឈឺដេកពេទ្យនេះ ។ ពេលដែល យកម៉ូតូទៅផ្ញើ ដោយ សារតែប្រញាប់ពេក ក៏មិនបានដកសោ ម៉ូតូហើយសន្តិសុខ ដែលយាមការពារនៅមន្ទីរពេទ្យបានយក សោនោះចាក់បើកឃ្លុបម៉ូតូ ដើម្បីឆែកមើលក្រែងមានអីវ៉ាន់ពេលនោះឃើញមានថង់ មួយក៏យកថង់ហ្នឹងក្នុងចេតនាចង់យក របស់គេ។ បន្ទាប់ពីយកថង់នោះចេញឆ្ងាយពីម៉ូតូរួចមកសន្តិសុខនោះបានឆែកទៅឃើញគ្រាប់បែក ភ័យពេកក៏យកទៅទម្លាក់នៅ ក្បែរម៉ូតូវិញ ហើយស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ទើបមានការផ្អើលឆោឡោឡើង ហើយ បន្ទាប់មកសមត្ថកិច្ចក៏បានទៅយកគ្រាប់ បែកនោះមករក្សាទុក។ សរុបមកវិញករណីនេះមិនមែនជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យជោរៃនោះទេ ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ទៀតថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បី រកឲ្យឃើញពិតប្រាកដថា ប្រភពគ្រាប់ បែកហ្នឹងមកពីណា? គោលដៅទៅណា ហើយបច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូនិងហៅសន្តិ សុខមកបំភ្លឺ និង ស៊ើបអង្កេតបន្តទៀត។

សូមរំលឹកថា នៅវេលាម៉ោងជាង១១ យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ មាន ការភ្ញាក់ផ្អើលមួយកើតឡើង នៅមន្ទីរ ពេទ្យជោរៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញ ដោយសន្តិសុខ យាមម៉ូតូ នៅក្នុងមន្ទីរពេទ្យនោះបានប្រទះ ឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូហុងដាស្គូពី ពណ៌ ក្រហម ពាក់ ស្លាកលេខភ្នំពេញ 1BE-7901 ៕ ចេស្តា


ចែករំលែក៖