ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ និងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធនៃស្រុកកណ្ដៀង បានរុករកឃើញសាកសពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកនៅលើផ្ទៃបឹងទន្លេសាបហើយកាលពីយប់ម្សិលមិញ ខណៈបន្ទាប់ពីបានបាត់ខ្លួនរយៈពេល ២ថ្ងៃ បើទោះជាខំប្រឹងប្រែងគ្រប់វិធីក្នុងការរុករកយ៉ាងណាក៏ដោយនោះ។
កិច្ចខំប្រិងប្រែងរុករកសាកសពរហូតឃើញខាងលើ បានប្រទះឃើញនៅវេលាម៉ោង៧ និង១២នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងកើតវត្តមន្នីសាគរ(ហៅវត្តរាំងទិល) ក្បែកន្លែងកើតហេតុ ស្ថិតក្នុងភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីក្រុមសមត្តកិច្ចចម្រុះចុះសហការស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ លទ្ធផល៖ នៅលើខ្លួនប្រាណសាកសពមានស្នាមរបួសច្រើនកន្លែងដូចជា រយះថ្ពាល់ខាងឆ្វេង ជាំដើមទ្រូង បាក់កដៃខាងឆ្វេង រយាស់គុម្ពត្រចៀកខាងឆ្វេង បាក់ថ្គាមក្រោមទាំងសង់ខាង ស្នាមរបួសទាំងនេះ អាចកាណូតបុកចំមនុស្ស ឬស្លាបចាក់កាណូតវិលកាប់ចំថែម។
ប្រភពខាងលើបន្តទៀតថា សាកសពមានឈ្មោះ សេង ធារ៉ា (ហៅហ៊ុន) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
គួររំលឹកថា ហេតុការណ៍ដ៏កម្រខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង០០នាទី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងកើតវត្តមន្នីសាគរ(ហៅវត្តរាំងទិល)ចម្ងាយប្រមាណជាង ១០០ម៉ែត្រ ស្ថិតក្នុងភូមិ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបានឲ្យដឹងថា ករណីខាងលើបង្កឡើងដោយបុរសម្នាក់ឈ្មោះ នី សុី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើដំណើរដោយកាណូតសំបកបាឡាជ័យស្មាច់ បំពាក់ម៉ាសុីនម៉ាក ហុីណូតា កំលាំង ១៨សេះ ពណ៏ត្រេអុី បានធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកចំកាណូត ១គ្រឿងទៀត ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសពី(ជើងទៅត្បូង)ពេញទំហឹង ហើយទំនងអាចបណ្ដាលឲ្យជនរងគ្រោះរបួសរួចធ្លាក់ចូលទឹកទន្លេក៏បានបាត់ខ្លួនរហូតមក។
លោកបន្តថា ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍កម្ររកមិនទាន់ឃើញឈ្មោះ សេង ធារ៉ា ហៅ ហ៊ុន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុជាមួយគ្នាខាងលើ។
លោកបន្តទៀតថា ចំពោះជនសង្ស័យបង្ករួមទាំងវត្ថុតាងកាណូតទាំងសង់ខាង ឃាត់ទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ខណៈដែលបានរកឃើញសាកសពហើយមានភាពច្បាស់លាស់ ពិតជាកើតឡើងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែននោះ៕ ប៉ឹម ពិន