ព័ត៌មានទាន់ហេតុការណ៍៖

អ្នកខេត្តតាកែវនិយមប្រារព្ធពិធីសែនដូនតាក្នុងថ្ងៃភ្ជុំបិណ្ឌ

ចែករំលែក៖

ខេត្តតាកែវ៖ ថ្វីបើពិធីបុណ្យភ្ជុំបិណ្ឌបាន កន្លងផុតទៅថ្មីថ្មោងក៏ដោយ តែប្រជាពល រដ្ឋខ្មែរនៅតែដិតដក់អារម្មណ៍សប្បាយរីក រាយមិនទាន់រសាយនៅឡើយ។ រយៈពេល១៥ថ្ងៃដែលជាពិធីកាន់បិណ្ឌភ្ជុំបិណ្ឌប្រជា ពលរដ្ឋខ្មែរនិយមប្រារព្ធពិធីប្លែកៗគ្នាខ្លះៗ អាស្រ័យទៅតាមទំនៀមទម្លាប់ស្រុកភូមិ ដូចជានៅថ្ងៃភ្ជុំបិណ្ឌដែលជាថ្ងៃបង្ហើយ ឬ ថ្ងៃដារឆ្លងក្រៅពីពុទ្ធបរិស័ទទៅវត្តហើយ នោះ។ ពោលគឺអ្នកក្រុងដូនកែវ អ្នកស្រុក សំរោង ខេត្តតាកែវ និងបណ្តាស្រុកដទៃ ទៀតក្នុងខេត្តនេះពួកគាត់និយមធ្វើពីធី សែនដូនតានៅវេលារសៀល។ ចំណែកឯ អ្នកស្រុកដទៃទៀតនៅខេត្តកំពង់ស្ពឺ ខេត្ត ស្វាយរៀងជាដើមពួកគាត់មិននិយមរៀបចំពិធីសែនដូនតាតាមក្រុមគ្រួសារនីមួយៗ​នោះឡើយ។

ដោយពួកគាត់បានយកចង្ហាន់ទៅ ប្រគេនព្រះសង្ឃនៅទីអារាមជាការស្រេច ចំណែកឯអ្នកស្រុកខ្លះទៀតនិយមរៀបចំ ពិធីបង្សុកូលនៅឯគេហដ្ឋានរបស់ផងខ្លួន ជំនួសដោយពិធីសែនដូនតា។

ដោយឡែកពិធីសែនដូនតាដែលអ្នក ស្រុកក្នុងសង្កាត់បារាយណ៍ ក្រុងដូនកែវ និយមធ្វើនោះគឺគេរៀបចំបាយសម្ល នំនែក ភេសជ្ជៈ ផលាផលំ មាន់ស្ងោរ រៀបចំសែន ដើម្បីឧទ្ទិសដល់មាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ដែលលោកបាន ចែកឋានទៅកាន់បរលោកមកទទួលសេព សោយនូវតង្វាយ ដែលកូនចៅរៀបចំជូន។ ពិធីនេះគេធ្វើទៅតាមលទ្ធភាពនៃក្រុម គ្រួសារនីមួយៗពោលគឺធ្វើគម្រប់កិច្ច ឬធ្វើ តាមទំនៀមទម្លាប់ ដែលចាស់ទំុបន្សល់ទុក ឲ្យកូនចៅជំនាន់ក្រោយជាអ្នកបន្តវេន។

នៅមុនពេលពិធីសែនដូនតាចាប់ផ្តើម សាមីគ្រួសារដែលរៀបចំពិធីនេះគាត់បាន អញ្ជើញលោកអាចារ្យអាចុំ ចាស់ទុំ ដែល ជាសាច់ញាតិ និងអ្នកក្បែរខាងឲ្យមកចូល រួមពិធីសំណែន ដែលមានរៀបចំម្ហូបអាហារ បាយសម្ល នំអន្សមជ្រូក នំអន្សមចេក នំ គម ភេសជ្ជៈ មាន់ស្ងោរ១គូជាដើម។ បន្ទាប់ មកអ្នកចូលរួមពិធីសែននេះក៏បានលើកដៃ បួងសួង(៣ដង)ដល់ភូមិម្ករព្រះធរណី ម្ចាស់ទឹក ម្ចាស់ដី មាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្តាន ដែលបានចែកឋាន​ទៅហើយ​ នោះអញ្ជើញមកសេពសោយ នូវ​តង្វាយដែលកូនចៅរៀបចំជូន។​ លុះ ក្រោយ​​ពីពិធីបួងសួងរួចរាល់គេក៏បានចាប់ ម្ហូបអាហារ នំនែក ភេសជ្ជៈ ស្រា ដែលរៀប ចំសែននោះចាក់ចូលនៅក្នុងចានឬថាស មួយយកទៅដាក់កៀនកោះឬតាមជ្រុង​របង​ណាមួយក្នុងដីឡូត៍ផ្ទះដែលរៀបចំ​ពិធី​សែននោះ។

លុះក្រោយមកអ្នកចូលរួមពិធីក៏បាន សូត្រធម៌(ឧទ្ទិសកុសល ឬសុំជូនមគ្គផល) ជាកិច្ចបញ្ចប់ពិធី ហើយអ្នកចូលរួមអាច ទទួលទានម្ហូបអាហារ នូវសំណែនទាំង នោះប្រកបដោយបរិយាកាសរីករាយ៕ លតា


ចែករំលែក៖