ខេត្តមណ្ឌលគិរី៖ រយៈពេលកាន់បិណ្ឌ១៥ថ្ងៃគិតត្រឹមរយៈពេល៣ថ្ងៃនៃឱកាសពិធីភ្ជុំបិណ្ឌធំមានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទៅទស្សនាកម្សាន្តនៅខេត្តមណ្ឌលគិរីពិសេសបណ្តារមណីយដ្ឋាន ធម្មជាតិរហូតដល់ទៅជាង៨ពាន់នាក់ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៧ ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា ភ្ញៀវទេសចរបានមកទស្សនារមណីយដ្ឋាន នានាក្នុងខេត្តចំនួនជិតមួយម៉ឺននាក់។ ក្នុងនោះដែរគេឃើញថា ភ្ញៀវជាតិមាន ៨០ភាគរយ រីឯភ្ញៀវអន្តរជាតិប្រមាណ២០ភាគរយ កើនឡើងសរុប១៧,១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឱកាស បុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០១៦។
បើតាមការឲ្យដឹងថា តាមរយៈភ្ញៀវដែលបានមកទស្សនាក្នុងពេលរដូវភ្ជុំបិណ្ឌនេះគឺភាគច្រើនជាអ្នករស់នៅតាមបណ្ដាខេត្ត ផ្សេងៗគ្នា ហើយក៏បានល្បីតៗគ្នាថា ខេត្តមណ្ឌលគិរីពិតជាមានសម្រស់គួរឲ្យកោតសរសើរមែន ដែលខេត្តភាគឦសានមួយ នេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានអាកាសធាតុ ត្រជាក់មានទេសភាពខៀវស្រងាត់ជា ហេតុបង្កឲ្យដំណើរកម្សាន្តរបស់ភ្ញៀវជាតិនិងអន្តរជាតិប្រកបដោយផាសុកភាព។
នៅក្នុងខេត្តមណ្ឌលគិរីគេសង្កេតឃើញថា ភ្ញៀវភាគច្រើនគាត់ចូលចិត្តកម្សាន្តនៅតាមតំបន់ល្បីៗប្រចាំខេត្តមានដូចជាទៅ អុជធូបសុំសេចក្តីសុខនៅភ្នំដោះក្រមុំ មុជទឹកលេងនៅទឹកជ្រោះប៊ូស្រាឈប់សម្រាក នៅរមណីយដ្ឋានចម្ការកាហ្វេនិងខ្លះទៀត ទៅឃុំដាក់ដាំដើម្បីស្រស់ស្រូបអាហារនៅកំពូលភ្នំអណ្តូងស្នេហ៍ បើសម្រាប់ភ្ញៀវបរ ទេសវិញ គឺគាត់ចូលចិត្តលក្ខណៈទេស ចរណ៍ផ្សងព្រេងក្នុងព្រៃ ទស្សនាសត្វដំរី និងផ្ទះស្នាក់នៅកម្សាន្តក្នុងភូមិជនជាតិ ភាគតិចព្នង។
លោក សាត ចិន្ដា ជាមគ្គុទេ្ទសក៏ប្រចាំ តំបន់ក្នុងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌម្ដងៗគឺមានការរវល់ ច្រើនដោយសារការងារជាអ្នកបម្រើសេវា កម្មផ្នែកទេសចរណ៍ ហើយគ្រប់កន្លែង ក្នុងខេត្តមិនថា ផ្ទះសំណាក់ អាហារដ្ឋាន រថយន្តដឹកអ្នកដំណើរដែលបម្រើសេវាកម្ម ផ្នែកទេសចរណ៍ត្រូវបានបម្រើសេវាយ៉ាងកក់ក្ដៅជូនដល់ភ្ញៀវគ្រប់ទិសទី ៕ សហការី