ខេត្តសៀមរាប៖ រថយន្តសាំយ៉ុង១៥កៅអី ដឹកអ្នកដំណើរបើកបុកបុរសម្នាក់កំពុងជិះម៉ូតូបត់ឆ្លងថ្នល់ មិនបានមើលមុខក្រោយ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវជាតិលេខ៦កាលពីវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
មន្ត្រីនគរបាលស្រុកជីក្រែងបានប្រាប់ថា ពលរដ្ឋរាយការណ៍មកសមត្ថកិច្ចភ្លាមៗនោះ កម្លាំងជំនាញរបស់អធិការស្រុក បានចុះទៅដល់កន្លែងកើតហេតុ ខណៈនោះអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ ដោយបន្សល់ទុក រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V 9750 មួយគ្រឿងជាមួយ ម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1C 6405 នៅកន្លែងកើតហេតុ ដោយជនរងគ្រោះ អ្នកបើកបរម៉ូតូឈ្មោះ ស៊ា រក្សា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចអះអាងថា គ្រោះថ្នាក់នេះកើតឡើងដោយសារមូលហេតុ អ្នកបើកបរម៉ូតូ បត់ឆ្លងថ្នល់ពីត្បូងទៅជើងមិនបានមើលឆ្វេងស្តាំ ទើបឲ្យរថយន្តបុកស្លាប់។
ក្រោយមកកម្លាំង ក៏បានវាស់វែង ហើយសមត្ថកិច្ចប្រគល់សាកសពជនរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្ត និង ម៉ូតូ កម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីទុកដោះស្រាយទៅតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី