ភ្នំពេញ៖ ម្ចាស់គ្រាប់បែកលាក់ក្រោមកែបម៉ូតូ យកទៅផ្ញើនៅកន្លែងទទួលផ្ញើម៉ូតូ នៅក្នុងមន្ទីរពេទ្យជោរ៉ៃ បង្កឱ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី២៣ ខែកញ្ញា នេះ ត្រូវបានលោក លី លីបម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបសួរបន្តទៀត ។
ប្រភពព័ត៌មាន បញ្ជាក់ថា ជនសង្ស័យត្រូវបានលោកខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ”កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត”តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៦លានរៀល។
ជនសង្ស័យមានឈ្មោះ ឡូ ប៉ិចដារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានមុខរបរជាបុគ្គលិកក្រុមហ៊ុនអូបា។
សូមបញ្ញាក់ថាអគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា ករណីរកឃើញគ្រាប់បែកនៅមន្ទីរពេទ្យជោរ៉ៃ មិនមែនជាការដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យនោះទេ ប៉ុន្តែជាករណីកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា តាមការស្រាវជ្រាវជំហ៊ានដំបូងមុខសញ្ញាដែលជាម្ចាស់ម៉ូតូ ត្រូវបានបងថ្លៃឲ្យយកគ្រាប់បែក ទៅបន្ទាយនៅខាងលិចកំពង់ស្ពឺ ម្តុំត្រែងត្រយឹង កំពង់សិលា ប៉ុន្តែដោយសារឪពុកឈឺធ្ងន់នៅមន្ទីរពេទ្យជោរ៉ៃ អញ្ចឹងម្ចាស់ម៉ូតូបានដាក់គ្រាប់បែក នៅក្នុងខ្លុបម៉ូតូស្កុបពី ហើយដោយសារប្រញ៉ាប់ចូលទៅមើលឪពុកពេលដែលយកម៉ូតូទៅផ្ញើ ក៏មិនបានដកសោម៉ូតូ អញ្ចឹងហើយសន្តិសុខ ដែលយាមការពារនៅមន្ទីរពេទ្យ បានយកសោម៉ូតូទៅចាក់បើកខ្លុបម៉ូតូ ដើម្បីឆែកមើលក្រែងមានអីវ៉ាន់ ពេលនោះក៏ឃើញមានថង់មួយ រួចក៏យកថង់ហ្នឹងក្នុងចេតនាចង់យករបស់គេ។ បន្ទាប់ពីយកថង់នោះ ចេញឆ្ងាយពីម៉ូតូរួចមកក៏ឆែកទៅឃើញគ្រាប់បែក ក៏ភ័យរួចក៏យកទៅទំលាក់នៅក្បែរម៉ូតូវិញ ហើយក៏ស្រែកប្រកូកប្រកាសថា រកឃើញគ្រាប់បែកគេដាក់នៅក្បែរម៉ូតូ ហើយក៏មានការផ្អើលឆោឡោឡើង បន្ទាប់មកសមត្ថកិច្ច ក៏បានទៅយកគ្រាប់បែកនោះមករក្សាទុក។
សរុបមកវិញករណីនេះ មិនមែនជាករណីដាក់បង្កៃឲ្យផ្ទុះ ឬក៏ប៉ុនប៉ងធ្វើឲ្យផ្ទុះ នៅក្នុងមន្ទីរពេទ្យជោរ៉ៃនោះទេ។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ទៀតថា ចំពោះករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ដើម្បីរកឲ្យឃើញពិតប្រាកដថា ប្រភពគ្រាប់បែកហ្នឹងមកពីណា គោលដៅណា ហើយបច្ចុប្បន្នកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់មុខសញ្ញាដែលជាម្ចាស់ម៉ូតូ និងហៅសន្តិសុខ ដើម្បីមកធ្វើការបំភ្លឺ និងស៊ើបអង្កេតបន្តទៀត។
សូមរំលឹកថា នៅវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយកើតឡើង នៅមន្ទីរពេទ្យជោរ៉ៃ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសន្តិសុខយាមម៉ូតូ នៅក្នុងមន្ទីរពេទ្យនោះ បានប្រទះឃើញគ្រាប់បែក១គ្រាប់ ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូស្កុបពី ពណ៌ក្រហម ពាក់ ស្លាកលេខភ្នំពេញ1BE-7901៕ ចេស្តា