ព័ត៌មានទាន់ហេតុការណ៍៖

បាក់ផ្ទាំងហោជាងផ្ទះសង្កត់ក្មេងស្រីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់ស្លាប់ និងម្នាក់ ទៀតរបួសធ្ងន់ដោយសារត្រូវផ្ទាំងហោជាងផ្ទះល្វែងបាក់ធ្លាក់មកក្រោមសង្កត់ពីលើ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុច ក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីរងគ្រោះស្លាប់ឈ្មោះកែវ វណ្ណា ដាណេ អាយុ១៣ឆ្នាំ មុខរបរសិស្ស មាន ទីលំនៅផ្ទះលេខ១១ ក្រុមទី៨ ភូមិចំការ ឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែន ជ័យ និងក្មេងស្រីរងរបួសធ្ងន់ម្នាក់ទៀត ឈ្មោះកូវ គឹមស្រ៊ន អាយុ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ៣៩២ ក្រុមទី៨ ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌ ពោធិ៍សែនជ័យ ។

បើតាមសម្ដីប្រជាពលរដ្ឋបានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ មានភ្លៀងធ្លាក់ ជន់លិចនៅភូមិខាងលើ ហើយពេលនោះ ក្មេងស្រីជំទង់២នាក់បានរត់លេងទឹកពេលធ្លាក់ភ្លៀង។ លុះរត់លេងបានមួយសន្ទុះ ស្រាប់តែមានផ្ទាំងហោជាងផ្ទះល្វែងខាងលើដែលសង់គ្មានបច្ចេកទេសស្ថិតនៅតាមផ្លូវបេតុងជោរជន់ដោយទឹកលិចបានបាក់ធ្លាក់ មកក្រោមសង្កត់ ក្មេងស្រី២នាក់បណ្តាលឲ្យម្នាក់បាត់ជីវិតភ្លាមៗនៅកន្លែង ម្នាក់ទៀត រងរបួសធ្ងន់។

សាកសពក្មេងស្រីរងគ្រោះសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖