ប៉ោយប៉ែត៖ ទឹកស្អុយដែលដក់នៅតាមចឹញ្ចើមផ្លូវ ក្រោមខ្លោងទ្វារប្រាសាទកំពូលបីច្រកចេញចូលកម្ពុជា-ថៃ បានជះ ក្លិនស្អុយ បង្កផលប៉ះពាល់ដល់ភ្លៀវជាតិ និងអន្តជាតិ យូរថ្ងៃកន្លងមកហើយ ប៉ុន្តែគ្មានមន្ត្រីព្រំដែនណាម្នាក់យកចិត្ត ទុកដាក់ដោះស្រាយបញ្ហានេះឡើយ។
ប្រភពពីអ្នកធ្វើដំណើរបានរិះគន់យ៉ាងខ្លាំងចំពោះបញ្ហាទឹកដក់ជះក្លិនស្អុយ នេះថាៈ ផ្លូវចេញចូលច្រកទ្វារ អន្តរជាតិបានក្លាយជាទឹកដក់ស្អុយទៅហើយ ដែលកត្តាទាំងនេះធ្វើឲ្យប៉ះពាល់ដល់មុខមាត់នៃច្រកទ្វារអន្តរជាតិ ផ្នែកខាងកម្ពុជាយ៉ាងខ្លាំង។
ទឹកដក់ស្អុយ ទាំងនេះ បណ្ដាលមកពីរទេះដឹកត្រី ចេញទៅលក់នៅប្រទេសថៃ ឬនាំចូលពី ប្រទេស ថៃ មកកម្ពុជាវិញ ដោយគ្មានការវេចខ្ចប់ឪ្យបានត្រឹមត្រូវ ។ ជារៀងរាល់ព្រឹក គេតែងឃើញក្រុមឈ្មួញដឹក ជញ្ជូនត្រី តាមរទេះរុញចេញទៅថៃជាហូរហែ ហើយទឹកបានហូរចេញពីរទេះនោះ ទៅដក់នៅតាមផ្លូវ ក្លាយជាភក់ ទឹកសម្អុយ ធ្វើឲ្យប៉ះពាល់បរិស្ថានធម្មជាតិ និងសុខភាពអ្នកធ្វើដំណើរយ៉ាងខ្លាំង ពិសេសគឺភ្ញៀវទេសចរបរទេស តែម្តង ។
បញ្ហាទឹកស្អុយ ឆ្អាបឆ្អេះនេះ ត្រូវបានរងការរិះគន់ជាញឹកញាប់កន្លងមកហើយពីសំណាក់ ពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ និងបានស្តីបន្តោសទៅដល់មន្ត្រីជលផលក្រុងសង្កាត់ថាខ្វះការទទួលខុសត្រូវណែនាំក្រុមឈ្មួញឲ្យមានកាវេចខ្ចប់ត្រឹមត្រូវបណ្ដោយឲ្យមានភាពអនាធិបតេយ្យ គិតតែពីប្រមូលប្រាក់ពីក្រុមឈ្មួញ គ្មានកាអភិវឌ្ឍ ឬលុបបំបាត់ភក់ជ្រាំតាមច្រកទ្វារអន្តរជាតិនេះ ដើម្បីរួមចំណែក ថែររក្សាបរិស្ថាន និងលើកកម្ពស់មុខមាត់ច្រកទ្វារអន្តជាតិប៉ោយប៉ែត ដែលជាច្រកសំខាន់នៃព្រះរាជាណាចក្រ កម្ពុជា។
លោក នូវ លៀង នាយសង្កាត់ជលផលប្រចាំក្រុងប៉ោយប៉ែតប្រាប់ថាៈ ចំពោះបញ្ហាទឹកហូរធ្លាក់ចេញ ពីរទេះរុញដឹកត្រី បង្កជាក្លិនឆ្អេះ ឆ្អាប់តាមផ្លូវជាតិលេខ៥នេះ លោកតែងតែណែនាំដល់អាជីវករ ទាំងនោះឲ្យផ្លាស់ប្ដូរកៅស៊ូក្រាលខាងក្រោមបានញឹកជាប់មកហើយរហូតដែរ តែធ្វើយ៉ាងណាក៏នៅតែស្រកទឹកដែរ ព្រោះមានការហែក។បើសិនក្រុមរទេះទាំងនោះមិនមានការឈប់ចតនៅចំណុចច្រកទ្វារ ក៏មិនមានទឹកដកដែរ ។ លោកថា គួរតែរមន្ត្រីច្រកទ្វារយ៉ាងណាជួយទប់ស្កាត់ដែរ ទើបជាការល្អ។
លោកវួច អូន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ពុំអាចសុំការបកស្រាយបានទេ ព្រោះទូរសព្ទ័របស់លោកមិនអាចទំនាក់ទំនងបានទេ?
យ៉ាងណាក៏ដោយ ការឆ្លើយបកស្រាយរបស់មន្ត្រីជំនាញខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាការ បកស្រាយយករួចខ្លួនប៉ុណ្ណោះ ព្រោះបញ្ហាក្លិនស្អុយដែលធ្លាក់ចេញពីរទេះដឹកត្រីនៅមានជារៀងរាល់ថ្ងៃ នៅមុខ ច្រកទ្វារអន្តជាតិប៉ោយប៉ែតនេះ គ្មានឃើញមានការកែលម្អដូចការលើកឡើងនោះឡើយ៕ វណ្ណា