ភ្នំពេញ៖ យុវជនម្នាក់ បានបើករថយន្តកាមរី ហាយព្រីតក្នុងល្បឿនយ៉ាងលឿន ហើយ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឲ្យរបាំងថ្មខ្ទាតចេញពីកន្លែងដើមជិត១០ម៉ែត្រ និងធ្វើឲ្យរថយន្តរងការខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំផងដែរ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថី ម៉ៅសេទុង កែងនឹងផ្លូវលេខ២០៥ ហៅស្តុប( កៅដាយ )ដែលស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនកើតហេតុ យុវជនម្នាក់ បើករថយន្តមួយគ្រឿងម៉ាក កាមរី ហាយព្រីត ពណ៍ស មានពាក់ស្លាកលេខ ភ្នំពេញ2AF- 7315 បានធ្វើដំណើរតាមបណ្តោយមហាវិថី ម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណ:ពេលមកដល់កន្លែងកើតហេតុ កែងនឹងផ្លូវលេខ២០៥ ត្រង់ចំណុចស្តុបកៅដាយ ក៏បានរេចង្កូតទៅបុក ក្បាលព្រួញពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹង ធ្វើឲ្យក្បាលព្រួញខ្វាត់ចេញពីកន្លែងដើម ប្រហែល៤ទៅ៥ម៉ែត្រ ដេកដួលលើថ្នល់ និងបានបណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកឆ្វេងខាងមុខយ៉ាងដំណំតែម្តង ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសធ្ងន់នោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង បានវាស់វែងយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ