ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនេះ សម្តេចតេជោ បានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ឋផលប្រវត្តិសាស្រ្តដ៏ធំធេងនៅខេត្តស្ទឹងត្រែង។ សមិទ្ឋផលនេះ គឺសម្រេចបានដោយមានការខិតខំប្រឹងប្រែងត្រៀមរៀបចំតាំងពី១០ឆ្នាំមុនមកម៉្លេះ។ សម្តេចតេជោ រីករាយដែលបានអញ្ជើញមកបិទទ្វារទឹកវារីអគ្គីសនីថ្ងៃនេះ។ សម្តេចតេជោ ក៏បានអរគុណដល់ក្រសួងពាក់ព័ន្ឋ និងក្រុមហ៊ុនដៃគូទាំងអស់។
សម្តេចតេជោ បានបញ្ជាក់ថា ដំណាក់កាលដុតចន្លុះ ដុតខ្លាញ់ត្រី ដុតប្រេងកាត ដុតទៀន… គឺបានរសាត់ផុតពីកម្ពុជាហើយ។ កម្ពុជាសព្វថ្ងៃកំពុងប្រើប្រាស់អគ្គីសនីជាង២,០០០មេហ្កាវ៉ាត់រួចហើយ។ តម្រូវការអគ្គីសនីគឺនឹងកើនខ្ពស់ទៀត។ ពីមុនការផ្គត់ផ្គង់អគ្គីសនីគឺមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះត្រូវទិញពីប្រទេសជិតខាង។ ប៉ុន្តែចាប់ពីពេលដំណើរការវារីអគ្គីសនីពីទីនេះទៅ គឺកម្ពុជាមានបណ្តាញផ្គត់ផ្គង់ខ្លូនឯងប្រកបដោយស្ថេរភាពនិងឯករាជភាព យើងមិនត្រឹមតែផ្គត់ផ្គង់សម្រាប់ខេត្តស្ទឹងត្រែងទេ គឺនឹងឆ្លងទៅផ្គត់ផ្គង់នៅខេត្តផ្សេងៗទៀត។ ស្ទើរតែគ្រប់វិស័យ គឺត្រូវការវិស័យថាមពលអគ្គីសនីអោយដើរទៅមុខមុនគេ ដូចជាវិស័យទេសចរណ៍សព្វថ្ងៃគឺត្រូវការអគ្គីសនីចាំបាច់បំផុត។ ច្បាស់ណាស់រាល់នូវការអភិវឌ្ឍ គឺតែងតែប៉ះពាល់ដល់បរិស្ថាន និងបងប្អូនអ្នកភូមិទោះបីតិចឬច្រើនក្តី ដូចជានៅភូមិស្រែស្រណុក និងឃុំក្បាលរមាស គឺរាជរដ្ឋាភិបាល និងក្រុមហ៊ុនបានរួមគ្នាដោះស្រាយជូនបងប្អូនដោយបានសរៀបចំកសាងធ្វើផ្ទះជូនបងប្អូន ហើយបានកាត់បន្ថយផលប៉ះពាល់បរិស្ថានអោយមានកម្រិតទាបបំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បានអញ្ជើញមកពិនិត្យការដ្ឋានម្តងរួចមកហើយកាលពីថ្ងៃទី ២៦ កក្កដា ២០១៦។ ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង គឺជាទំនប់ដែលធំជាងគេក្នុងប្រទេសកម្ពុជា។ មានក្រុមហ៊ុន៣ដែលរួមគ្នាវិនិយោគដូចជា ក្រុមហ៊ុន Hydrolancang International Energy មានភាគហ៊ុន ៥១% ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង មានភាគហ៊ុន ៣៩% និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម មានភាគហ៊ុន ១០% លើទឹកប្រាក់ចំនួន ៧៨១,៥២ លានដុល្លារអាមេរិក។ គម្រោងវិនិយោគនេះក៏បានឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាតិផងដែរ ដែលបានធានាដល់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងការផលិតអគ្គីសនីនៅទីនេះ គឺទាមទារការតបណ្តាញពីស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងពីកំពង់ចាមទៅភ្នំពេញ គឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ដែលនឹងធ្វើអោយតម្លៃអគ្គីសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។ ចំពោះបងប្អូនក្រីក្រដែលប្រើភ្លើងក្រោម១០គីឡូវ៉ាត់ម៉ោងគឺបង់តែ ៤៨០៛ ប្រសិនបើប្រើចាប់ពី ១១គវម-៥០គវម គឺបង់តែ៦១០៛ រដ្ឋនឹងជួយបង់ជំនួសនូវតម្លៃលើសពីនេះ។ ចំពោះខេត្តរនៈគិរី គឺបង់តែ៦៧០៛ ព្រោះខេត្តនេះគឺមានវារីអគ្គីសនីប្រើរួចហើយ។ សព្វថ្ងៃមានប្រជាពល រដ្ឋជាង៣លានខ្នងផ្ទះដែលទទួលបានអគ្គីសនីប្រើប្រាស់។ យើងត្រូវរៀបចំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទមានអគ្គីសនីប្រើប្រាស់គ្រប់ៗគ្នា។
វារីអគ្គិសនីសេសានក្រោម២ គឺមានកម្លាំងថាមពល ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់ឲ្យដំណើរការជាលើកដំបូងនៅដើមឆ្នាំ២០១៨ ដែលមានកម្លាំងផលិតបាន ១.៩១២ លានគីឡូវ៉ាត់ម៉ោង។ ចំពោះតម្លៃដែលលក់ឲ្យអគ្គិសនីកម្ពុជាគឺ ៦,៩៥ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មកនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងទាំងស្រុង។ ក្រោយពីចប់៤០ឆ្នាំ គឺរដ្ឋយកមកគ្រប់គ្រងទាំងស្រុង ឬជួលបន្តអោយក្រុមហ៊ុន។
អរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រនិងជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា។ ចំពោះក្រុមហ៊ុនដែលបានមកចុះបញ្ជីវិនិយោគហើយមិនព្រមធ្វើទេគឺបានតែសន្យា គឺរាជរដ្ឋាភិបាលនឹងដកអោយអ្នកផ្សេងធ្វើ។ សម្តេចតេជោ ក៏បានកោតសរសើរសារជាថ្មីដល់ អ្នកឧកញ៉ា គិត ម៉េង ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងជាមួយក្រសួងរ៉ែ និងថាមពល។ អរគុណកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមការពាសន្តិសុខដល់ដំណើរការសាងសង់វារីអគ្កីសនី និងជាពិសេសអរគុណបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ដែលបានសហការរហូតដល់កម្រោងដ៏ធំនេះបានចេញជារូបរាងពិតប្រាកដនៅថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងបងប្អូនប្រជាពលរដ្ឋដែលតែងតែគាំទ្រគណបក្សប្រជាជន ហើសង្ឃឹមថាបងប្អូននឹងបន្តបោះឆ្នោតអោយគណបក្សប្រជាជន ដើម្បី សម្តេចតេជោ ហ៊ុន សែន មានឱកាសនិងមានលទ្ឋភាពកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ សង្ឃឹមនិងជឿជាក់លើការគាំទ្ររបស់ប្រជាពលរដ្ឋ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1467187386663087/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1467182279996931/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1467140393334453/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1467106703337822/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1467097403338752/” width=”600″ height=”400″ onlyvideo=”1″]