ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងរយះពេលមួយថ្ងៃមានករណីស្លាប់ដោយខ្យល់គរម្នាក់ និងស្រវឹងស្រាធ្លាក់ចូលទឹកស្រះ ។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។ បុរសរងគ្រោះឈ្មោះ សេង ដង អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ បានស្លាប់ដោយមូលហេតុជនរងគ្រោះមិនស្រួលខ្លួនខ្យល់ពីបីថ្ងៃមកហើយ ប៉ុន្តែមិនបានប្រាប់ប្រពន្ធឲ្យដឹងជាមុន។
ប្រភពបន្តថា ករណីទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ០៧:៣០ នាទី ព្រឹក មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសព អណ្ដែតទឹក ប្រឡាយ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ឃើញពិតជាមានមនុស្សស្លាប់អណ្ដែតទឹកពិតប្រាកដមែន ហើយពិនិត្យ លើសាកសព ។ សពមានឈ្មោះ ឃឹម សាវី ភេទស្រី អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ប្រភពបន្តថា មូលហេតុ បណ្ដាលមកពីស្រវឹង ស្រា ហើយចុះក្នុងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លាប់តែម្ដង ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីផងដែរ៕ យឹម សុថាន